(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែលនាថ្ងៃសៅរ៍នេះ បានបន្តព្រមានធ្វើប្រតិបត្តិការយោធា ឲ្យកាន់តែចាស់ដៃថែមទៀត ប្រឆាំងលើក្រុមហាម៉ាស់-ប៉ាឡេស្ទីន ប្រសិនបើការធ្វើបាតុកម្ម និងអំពើហិង្សានៅឯព្រំដែនជាមួយតំបន់ Gaza នៅតែបន្តនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក រ៉ូណិន មែណែលីស (Ronen Manelis) នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ពោលគឺបន្ទាប់ពីការប្រឆាំងតវ៉ារបស់ក្រុមប៉ាឡេស្ទីន បានប្រែក្លាយទៅជាបាតកម្មហិង្សា នៅព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។
បាតុកម្មទ្រង់ទ្រាយធំដ៏កក្រើក ដែលមានការចូលរួមពីប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់នេះ បានផ្ទុះឡើងតាំងពីថ្ងៃសុក្ររហូតមកទល់ថ្ងៃសៅរ៍នេះ មិនទាន់ចប់ទៅវិញនោះឡើយ ទោះបីជាមានការស្នើយ៉ាងទទូច ពីអង្គការសហប្រជាជាតិក៏ដោយ។
គួរជម្រាបថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៥នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតដោយការបង្រ្កាបរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែល បានអះអាងថា ពួកគេទាំងនោះសុទ្ធជាបុរស និងភាគច្រើនជាជនសកម្មប្រយុទ្ធ។ ជាមួយគ្នានេះ បើតាមការរាយការណ៍ពី ក្រសួងសុខាភិបាលរដ្ឋប៉ាឡេស្ទីន មនុស្សសរុបប្រមាណ ១,៤០០នាក់ បានរងរបួស ដោយសារការបាញ់ប្រហារគ្រាប់ពិត គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក៕