(តូក្យូ)៖ ក្រុមកប៉ាល់នេសាទត្រី បាឡែនរបស់ប្រទេសជប៉ុន បានវិលត្រឡប់មកដល់កំពង់ផែវិញហើយ នាថ្ងៃសៅរ៍នេះ ក្រោយពីចាប់ និងសម្លាប់ពូជសត្វសមុទ្រនេះ អស់ប្រមាណជាង ៣០០ក្បាលមក នៅឯមហាសមុទ្រអង់តាកទិក ដោយពុំចាំបាច់ត្រូវប្រឈមមុខ ជាមួយការប្រឆាំងតវ៉ាក្នុងទម្រង់ណាមួយ ពីក្រុមអ្នកអភិរក្សសត្វត្រីបាឡែនឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
ក្រុមកប៉ាល់នេសាទត្រីបាឡែនចំនួន ០៥គ្រឿង បានចេញដំណើរឆ្ពោះទៅកាន់មហាសមុទ្រទឹកកក នៅភាគខាងត្បូងនោះ កាលពីខែវិច្ឆិកាឆ្នាំទៅមិញ ខណៈដែលទីក្រុងតូក្យូនៅតែបន្តនូវអ្វី ដែលខ្លួនបានលើកស្លាកអះអាងថា ជាការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ដោយមិនខ្វល់ពីការិះគន់ ពិសំណាក់អន្តរជាតិនោះឡើយ។
នៅអំឡុងនៃការនេសាទសម្រាប់រយៈពេលជាច្រើនខែកន្លងទៅនេះ ក្រុមកប៉ាល់ជប៉ុនប្រមាញ់បានសត្វត្រីបាឡែនចំនួន ៣៣៣ក្បាល ដូចអ្វីដែលពួកបានគ្រោងទុក ដោយពុំមានការរារាំង ពីសំណាក់ក្រុមការពារសត្វសមុទ្រនេះឡើយ។
គួរជម្រាបថា ជប៉ុនក៏ជាប្រទេសហត្ថលេខី នៃគណៈកម្មការហាមឃាត់ការប្រមាញ់ត្រីបាឡែនអន្តរជាតិផងដែរ ប៉ុន្តែទីក្រុងតូក្យូបានប្រើប្រាស់ចំណុចចន្លោះប្រហោងមួយ ដែលអនុញ្ញាតឲ្យត្រីបាឡែនអាចត្រូវសម្លាប់ ដើម្បីការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តបាន។
ទីក្រុងតូក្យូបានលើកហេតុផលថា ការសម្លាប់ពួកវាគឺជារឿងចាំបាច់ សម្រាប់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ទៅលើអាកប្បកិរិយា និងទម្រង់ជីវវិទ្យារបស់សត្វត្រីបាឡែន ប៉ុន្តែបើតាមធាតុពិតឥតលាក់បាំងនោះ ពួកត្រីបាឡែនដែលត្រូវបានសម្លាប់ក្នុងការនេសាទទាំងនោះ តែងតែទៅនៅលើចានម្ហូបទៅវិញ៕