(អាមេរិក)៖ បើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកអាមេរិក គណៈកម្មាធិការទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ចំនួន ២១ របស់កូរ៉េខាងជើង រួមានមានកប៉ាល់សរុប ២៧គ្រឿង និងបុគ្គលម្នាក់ ជុំវិញការលួចជួញដូរប្រេង និងធ្យូងថ្ម។ នេះបើតាមការចេញផ្សាយពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
សហរដ្ឋអាមេរិក បានសាទរចំពោះការសម្រេចខាងលើ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងការដាក់ចេញនូវទណ្ឌកម្មថ្មីនេះ ទៅលើកូរ៉េខាងជើង ដែលស្របទៅនឹងកញ្ចប់ទណ្ឌកម្មនាពេលថ្មីៗនេះ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានេះ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសន្តិសុខ ដែលបានបន្តមិនបោះបង់ចោលយុទ្ធនាការដាក់ទណ្ឌកម្មជាអតិបរិមាប្រឆាំងនឹងកូរ៉េខាងជើង។
គួរជម្រាបថា ក្នុងផ្នែកនៃយុទ្ធនាការដាក់សម្ពាធអតិបរមារបស់អន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មជាច្រើនតង់ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់រដ្ឋកុម្មុយនិស្តមួយនេះ ហើយសហរដ្ឋអាមេរិកវិញ ក៏បានអំពាវនាវឲ្យបណ្តាប្រទេសនានា កាត់ផ្តាច់ទំនាក់ទំនងជាមួយពាណិជ្ជកម្ម និងយោធាជាមួយកូរ៉េខាងជើងផងដែរ៕