(អាមេរិក)៖ ព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់ នឹងបង្ហាញខ្លួនជាលើកទីពីរសម្រាប់ខែមីនា នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ ហើយនៅពេលដែលព្រះច័ន្ទពេញវង់ដល់ទៅពីរលើក កើតមានឡើងនៅក្នុងខែតែមួយ ដែលតែងកើតមានក្នុងចន្លោះពេល ២.៦៦ឆ្នាំម្តងនោះ លោកខែពេញវង់ទីពីរ នឹងត្រូវគេហៅថា ជាព្រះច័ន្ទពណ៌ខៀវ ឬ Blue Moon (គ្រាន់តែជាពាក្យសម្រាប់ហៅ ប៉ុន្តែវាពុំលេចចេញពណ៌ខៀវតែម្តងឡើយ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
ផ្ទុយពីទំលាប់ខាងលើ នេះគឺជាព្រះច័ន្ទខៀវលើកទីពីរហើយ គិតចាប់តាំងតែពីដើមឆ្នាំ២០១៨ នេះមក ដោយវាគឺជាលើកទីពីរ ក្នុងរយៈពេលត្រឹមតែ ០៣ខែប៉ុណ្ណោះ ចំពោះព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់ពីរលើកៗ បានកើតមានឡើងក្នុងខែតែមួយបែបនេះ។ ប្រហែលជាមានអ្នកខ្លះឆ្ងល់ថា តើមកពីហេតុអ្វី?
រយៈពេលសម្រាប់ឲ្យព្រះច័ន្ទ ឆ្លងពីបាតុភូតពេញវង់មួយទៅកាន់បាតុភូតពេញវង់បន្ទាប់ គឺជាមធ្យមមានរយៈពេល ២៩.៥៣ថ្ងៃ ដែលត្រូវគេហៅថាខែ Synodic ឬច័ន្ទគតិ។ ខែកុម្ភៈគឺជាខែតែមួយគត់ ដែលមានចំនួនថ្ងៃតិចជាងខែ Synodic ហើយក្នុងឆ្នាំនេះ វាពុំមានព្រឹត្តិការណ៍លោកខែពេញវង់នោះឡើយ ដូច្នេះថា ដើម្បីបង្រ្គប់វិញ ខែមីនាក៏ត្រូវក្លាយជាអ្នករ៉ាប់រងជំនួស ដោយមានព្រះច័ន្ទពេញវង់ជាលើកទីពីរ នៅក្នុងចុងខែបែបនេះ។
គួរជម្រាបថា ខែមករាកន្លងទៅ ក៏មានព្រះច័ន្ទពេញវង់ដល់ទៅ ០២លើកផងដែរ ដែលប្រការនេះបានផ្តល់ឲ្យពួកយើង នូវបាតុភូតព្រះច័ន្ទខៀវចំនួន ០២ ក្នុងពេលត្រឹម ៦០ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែព្រះច័ន្ទខៀវនាយប់ថ្ងៃសៅរ៍នេះ គឺជា Blue Moon ចុងក្រោយហើយ រហូតទាល់តែដល់ឆ្នាំ២០២០ ទើបកើតមានជាថ្មីម្តងទៀត៕