(ប្រីសទីណា)៖ ជនជាតិតួកគី ០៦នាក់ ត្រូវបានចាប់ជម្រិតនៅក្នុងទីក្រុងប្រីសទីនា (Pristina) នៃប្រទេសកូសូវ៉ូ លើការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនិង ចលនាហ្គូលែន ដែលរដ្ឋាភិបាលតួកគីចោទប្រកាន់ថា នៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យកាលពីឆ្នាំ២០១៦។ នេះបើដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីរបស់កូសូវ៉ូលោក Ramush Haradinaj បាននិយាយថាលោកមិនដឹងអំពីប្រតិបត្តិការ នៃបញ្ជូនជនទាំង ០៦នាក់ទៅកាន់ស្រុកកំណើតវិញនោះឡើយ។ លោកបាននិយាយទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយក្រុមភ្នាក់ងារសម្ងាត់និងប៉ូលីស។ ប្រព័ន្ធផ្សព្វផ្សាយកូសូវ៉ូបានដាក់ឈ្មោះប្រតិបត្តិការនេះថាជា «ការចាប់ជំរិត» ។
ពួកគេទាំង០៦នាក់ខាងលើគឺស្នាក់នៅទីនោះដោយស្របច្បាប់ ប៉ុន្តែពួកគេត្រូវបានចាប់ជំរិតដោយខុសច្បាប់។ យោងទៅតាមច្បាប់នៃប្រទេសកូសូវ៉ូ ក្រសួងអាចដកហូតលិខិតអនុញ្ញាតឱ្យស្នាក់នៅបានក្នុងលក្ខខណ្ឌនៃការគំរាមកំហែងសន្ដិសុខឬសាធារណៈ ឬក៏ការគំរាមកំហែងសិទ្ធិមនុស្ស។ ស្ថានទូតតួកគីនៅកូសូវ៉ូ បានឃុំឃាំងពួកគេដោយខុសច្បាប់តាមការបញ្ជារបស់រដ្ឋាភិបាលតួកគី។
ការចាប់ជំរិតនេះ ធ្វើអោយមានការប្រត្តិកម្មជាខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស អាជ្ញាធរអឺរ៉ុប និងអង្គការអន្តរជាតិ ដែលធ្វើឱ្យនិស្សិតរាប់សិបនាក់ ធ្វើបាតុកម្មនៅទីប្រជុំជនប្រីសទីនា ដើម្បីអំពាវនាវឱ្យដោះលែងអ្នកទាំង០៦នាក់នោះវិញ។
រដ្ឋាភិបាលតួកគី ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Erdogan បានប្រើប្រាស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់សន្តិសុខរបស់ខ្លួន និងស្ថានទូតដែលនៅក្រៅប្រទេសដើម្បីធ្វើការចាប់ពង្រត់ និងចាប់ខ្លួនអ្នកដែលប្រឆាំងនឹងលោកនៅដែនសមត្ថកិច្ចបរទេស ទោះបីជាការចាប់ពង្រត់ទាំងនេះ អាចចាត់ទុកថាជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិក៏ដោយ។
សកម្មភាពនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសដទៃទៀតដូចជាប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្សកហ្ស៊ី អារ៉ាប៊ីសាអូឌីត ប្រទេសបារ៉ែន និងស៊ូដង់ អាចដើរផ្ទុយទៅនឹងគោលការណ៍ច្បាប់ដូចជាការមិនជ្រៀតជ្រែក ព្រមទាំងការចាប់ខ្លួននិងឃុំឃាំងដោយរំលោភបំពានលើច្បាប់តួកគី និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ។
ទោះបីជាការរំលោភសិទិ្ធមនុស្សបានប្រព្រឹត្តទៅនៅបរទេសក៏ដោយ ក៏ប្រទេសតួកគីអាចទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសចំពោះជនជាតិតួកគី ដែលត្រូវបានហាមឃាត់ដោយមាត្រា០៣ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (ECHR) ។
គួរជម្រាបថា ជនដែលត្រូវបានចាប់ពង្រត់ត្រូវទទួលរងនូវ ការដកហូតសិទ្ធិសេរីភាពរបស់ខ្លួន នៅពេលពួកគេត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសតួកគីហើយបានឆ្លងកាត់ការធ្វើទារុណកម្ម ដ៏ឃោរឃៅ និងអមនុស្សធម៌ផ្សេងៗទៀត។ ការអនុវត្តនេះក៏អាចបង្កើនការចោទប្រកាន់ទៅលើសកម្មភាពភេរវកម្មប្រឆាំងនឹងសហគមន៍អន្តរជាតិផងដែរ៕