(ឡុងដ៍)៖ មនុស្សរាប់ពាន់នាក់អាចនឹងបង្ហាញខ្លួនទីក្រុង Cambridge ដើម្បីចូលរួមពិធីបុណ្យសពរបស់ លោក ស្ទីវិន ហាកឃីង (Stephen Hawking) ក៏ដូចជាសម្តែងក្តីគោរពស្រឡាញ់ជាចុងក្រោយ ចំពោះអ្នកវិទ្យាសាស្រ្តផ្នែករូបវិទ្យាដ៏ល្បីល្បាញបំផុត នៅលើពិភពលោករូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
សាកលវិទ្យាល័យ Cambridge កំពុងសហការជាមួយប៉ូលិសប្រចាំតំបន់ ដើម្បីរៀបចំ និងត្រួតពិនិត្យតាមទីតាំងជុំវិញ ព្រះវិហារ Great Saint Mary ដែលជាកន្លែងប្រារព្ធពិធីបុណ្យសព លោក Hawking ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅអង់គ្លេស)។ យ៉ាងណាមិញ ព្រះវិហារនឹងពុំត្រូវបើកឲ្យមហាជនចូលរួមនោះឡើយ ដោយសារតែបុណ្យសពនេះ ត្រូវបានកំណត់ជា ពិធីឯកជនសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់ លោក Hawking តែប៉ុណ្ណោះ។
គួរជម្រាបថា លោក Stephen Hawking បានទទួលមរណភាពដោយស្ងប់សុខ នៅឯគេហដ្ឋានរបស់លោក ដែលស្ថិតក្នុងសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ក្នុងវ័យ ៧៦ឆ្នាំ ខណៈដែលកាលពីនៅខ្ទង់ ២០ឆ្នាំ ត្រូវបានគ្រូពេទ្យប្រាប់ប្រាប់ថា រូបលោក នឹងលាចាកលោកតាំងតែពីប្រមាណជា ៥០ឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីត្រូវគេធ្វើរោគវិនិច្ឆ័យរកឃើញថា លោកមានជំងឺដ៏កាចសាហាវម៉្យាងទាក់ទិននឹងប្រព័ន្ធប្រសាទសាច់ដុំរបស់លោក។
សម្រាប់អដ្ឋិធាតុនៃបិតាវិទ្យាសាស្ត្រ-រូបវិទ្យា លោក Stephen Hawking ដែលទើបបានទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរអង់គ្លេសបញ្ជាក់ថា នឹងត្រូវបញ្ចុះនៅទីវាលវីរៈបុរស ដែលស្ថិតនៅជាប់ផ្នូររបស់ លោក Sir Isaac Newton អ្នកវិទ្យាសាស្ត្រសម័យមុន និងប្រកបដោយកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ខណៈដែលបុណ្យសពជាលក្ខណៈឯកជន ត្រូវបានក្រុមគ្រួសារលោក Hawking ត្រៀមរៀបចំនៅថ្ងៃទី៣១ ខែមីនា នេះ។
អដ្ឋិធាតុលោក Newton ដែលល្បីល្បាញខាងរកឃើញ កម្លាំងទំនាញសកលនោះ ហើយលោកបានទទួលមរណៈភាព កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៧២៧ នាសង្កាត់ Kensington ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ មិនត្រឹមតែស្ថិតនៅជិតផ្នូរលោក Newton ប៉ុណ្ណោះទេ ផ្នូររបស់លោក Hawking ក៏នឹងស្ថិតនៅក្បែរផ្នូររបស់រូបវិទូដ៏ល្បីល្បាញ លោក Charles Darwin ដែលបានទទួលមរណៈភាព កាលពីឆ្នាំ១៨៨២ ផងដែរ នៅឯទីលាននៃសារៈមន្ទីរ Westinster Abbey ទីក្រុងឡុងដ៍ ដែលមានអាយុកាល តាំងតែពីសតវត្សរ៍ទី ១១។
លោកគឺជាបុគ្គលម្នាក់ មានការតស៊ូពុះពារយ៉ាងខ្លាំងក្លា ដោយបានបញ្ចប់សៀវភៅមួយក្បាលមានចំណងជើងថា «A Brief History of Time» ដែលលក់ដាច់បានជាង ១០លានក្បាល ទោះបីជាវាត្រូវគេដាក់រហស្សនាមថា ជា «សៀវភៅដ៏ល្បីបំផុតលើកលោក ដែលពុំមាននរណាអាន» ក៏ដោយ។ ក្នុងការចូលរួមចំណែករបស់លោក ទៅក្នុងចំណេះដឹងផ្នែកវិទ្យាសាស្រ្ត លោក Hawking បានរកឃើញបាតុភូតមួយ ដែលត្រូវគេស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះគឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញថាមពលរបស់វាបន្តិចម្តងៗ ហើយក៏រលាយបាត់បង់ទៅ។
លោក Hawking មានឈ្មោះល្បីល្បាញ និងគោរពយ៉ាងខ្លាំង ដោយសារសមត្ថភាពដ៏អស្ចារ្យរបស់លោក ក្នុងការបង្កើតដំណោះស្រាយបែបវិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការគណនា ឬការពិសោធន៍អ្វីឡើយ។ ចំណែកឯ ស្នាដៃចុងក្រោយបំផុត ឬជាដំបូន្មានចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោកនោះ គឺលោក Hawking បានប្រាប់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងមនុស្សលើភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិតអេលៀន ឬមនុស្សភពផ្សេងនោះទៀតទៅព្រោះវា នឹងបង្កការគំរាមកំហែងដល់ភពផែនដី ប្រសិនបើអេលៀនទាំងនោះ មកកាន់តែផែនដីដោយចេតនាចង់ទន្ទ្រានគ្រប់គ្រង៕