(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងដកទ័ពចេញពីប្រទេសស៊ីរី នាពេលឆាប់ៗខាងមុខនេះហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ឲ្យដោយសេតវិមានរបស់លោក និងត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
ក្នុងអំឡុងនៃការធ្វើសុន្ទរកថាមួយ នៅឯទីក្រុង រីចហ្វៀល (Richfield) នៃរដ្ឋ អូហៃយ៉ូ (Ohio) លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងចាកចេញពីស៊ីរីនាពេលឆាប់ៗនេះហើយ... ទុកឲ្យអ្នកដទៃទៀត ចាត់ចែងរឿងនេះវិញទៅចុះ។ យើងនឹងវិលត្រឡប់មកប្រទេសយើងវិញ ដែលជាផ្ទះរបស់យើង និងជាទីដែលពួកយើងចង់នៅ»។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នេះ បានញ៉ាំងជាសំណួរឡើង ខណៈដែលមន្រ្តីយោធាអាមេរិក ទំនងជាពុំបានទទួលដំណឹង អំពីការសម្រេចចិត្តនេះឡើយ ពីព្រោះថាអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ទើបតែបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចការសំខាន់ៗជាច្រើន នៅតែមិនទាន់សម្រេចបាន ដើម្បីធានានូវការបរាជ័យជារៀងរហូត នៃក្រុមភេរវករជ្រុលនិយមនៅស៊ីរី៕