(យូអិន)៖ តំណាងរដ្ឋអង្កេតការណ៍ប៉ាឡេស្ទីន លោក រីយ៉ាដ ម៉ាន់សួរ (Riyad Mansour) ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានដង្ហោយសុំឲ្យប្រឹក្សាសន្តិសុខ (UNSC) ចាត់វិធានការបញ្ឈប់អំពើហិង្សា ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាសាស្ទ្រីព (Gaza) ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥នាក់ (តួលេខថ្មី) និងជាង ១,៤០០នាក់ ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
តំណាងរដ្ឋប៉ាឡេស្ទីន លោក ម៉ាន់សួរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅឯទីស្នាក់ការ UN នាបុរីញូយ៉ក សហរដ្ឋអាមេរិកថា «យើងរំពឹងថា UNSC នឹងបំពេញទៅតាមទំនួលខុសត្រូវដែលខ្លួនមាន ពីព្រោះថាស្ថានភាព... នៅក្នុងតំបន់ហ្កាសា គឺកំពុងតែគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខ និងសន្តិភាពសកលលោកទាំងមូល។ វាគឺជាទំនួលខុសត្រូវរបស់ UNSC ក្នុងការថ្កោលទោស ចំពោះទង្វើឃោឃៅ ដែលធ្វើប្រឆាំងនឹងប្រជាជនរបស់យើង ព្រមទាំងស្វែងរកអ្នកដែលប្រព្រឹត្តទង្វើទាំងនេះ ដើម្បីយកទៅដោះស្រាយចំពោះមុខច្បាប់»។
គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុនសេចក្តីថ្លែងការណ៍ របស់តំណាងប៉ាឡេស្ទីនខាងលើនេះ ឯកអគ្គរាជទូតគុយវ៉េត ប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើការទាមទារតែម្តង ឲ្យក្រុមប្រឹក្សាសន្តិសុខ (UNSC) នៃអង្គការធំបំផុតរបស់ពិភពលោកមួយនេះ បញ្ចេញចំណាត់ការភ្លាមៗ។ ដូច្នេះកិច្ចប្រជុំកំពូលមួយ ត្រូវបានសម្រេចថា នឹងត្រូវធ្វើនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាល្ងាចថ្ងៃសុក្រ ម៉ោងប្រមាណជា ៦៖៣០នាទី (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សាពីដំណោះស្រាយបន្ទាន់ ដើម្បីបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕