(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានសម្រេចបណ្តេញមន្រ្តីទូត នៃប្រទេសសរុបទាំងអស់ចំនួន ២៣ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសនេះ ត្រឡប់ទៅស្រុកពួកគេវិញ ដើម្បីជាការសងសឹកចំពោះចលនាប្រឆាំងរបស់ប្រទេសទាំងនោះ មកលើទីក្រុងម៉ូស្គូនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
អគ្គរដ្ឋទូតនៃប្រទេសចំនួន ២៣ខាងលើ ត្រូវបានក្រសួងការបរទេសរុស្ស៊ី ប្រគល់លិខិតជំទាស់ និងប្រាប់ថា មន្រ្តីទូតរបស់ពួកគេមួយចំនួន ដែលកំពុងបំពេញការងារនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានប្រកាសជាបុគ្គល ដែលលែងទទួលបានការស្វាគមន៍នៅទីនេះទៀតហើយ ដែលទង្វើនេះ គឺជាការឆ្លើយតបចំពោះសកម្មភាពមិនសមហេតុសមផលរបស់ពួកគេ ដែលបានសម្រេចបណ្តេញមន្រ្តីទូតរុស្ស៊ី ដោយឈរលើចោទប្រកាន់ដែលពុំមានភស្តុតាងច្បាស់មកលើរុស្ស៊ី ទាក់ទិននឹងករណីបំពុលប៉ងសម្លាប់អតីតមន្រ្តីចារកិច្ចរុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេស។
គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បណ្តាប្រទេសដែលពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រុស្ស៊ី រួមមានអូស្រ្តាលី, អាល់បានី, អាល្លឺម៉ង់, ដាណឺម៉ាក, អៀឡង់, អេស៉្បាញ, អ៊ីតាលី, កាណាដា, ឡាត់វី (Latvia), លីទុយអានី (Lithuania), (ម៉ាសេដូនៀ) Macedonia, ម៉ុលដាវី (Moldova), ហូឡង់, ន័រវេស, ប៉ូឡូញ, រ៉ូម៉ានី, អ៊ុយក្រែន, ហ្វាំងឡង់, បារាំង, ក្រូអាត, សាធារណរដ្ឋឆែក, ស៊ុយអែត, និងអេស្តូនា។
ក្រៅពីនេះ មន្រ្តីទូតប្រទេសប៊ែលហ្សិក, ហុងហ្គារី, ហ្សកហ្ស៊ី, និងម៉ុងទេណេហ្គ្រោ ក៏អាចនឹងត្រូវបណ្តេញចេញ ពីប្រទេសរុស្ស៊ីថែមទៀតផងដែរ។ ម៉្យាងវិញទៀត អគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងម៉ូស្គូ ក៏ត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះហៅ ដើម្បីប្រាប់ថា អង់គ្លេសត្រូវកាត់បន្ថយចំនួនមន្រ្តីទូតរបស់ខ្លួន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ឲ្យនៅត្រឹមចំនួនមន្រ្តីទូតរុស្ស៊ីនៅចក្រភពអង់គ្លេស ក្នុងរយៈពេល ០១ខែ ផងដែរ។
សេចក្តីថ្លែងការណ៍ទាំងនេះទៀតសោត ត្រូវបានធ្វើឡើង បន្ទាប់ពីរុស្ស៊ី បានប្រកាសពីការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៦០នាក់ និងបិទស្ថានកុងស៊ុលអាមេរិក នៅទីក្រុង Saint Peterburg ដើម្បីសងសឹកចំពោះចំណាត់ការដូចគ្នារបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងម៉ូស្គូ៕