(យូអិន)៖ ឯកអគ្គរាជទូតគុយវ៉េត ប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើការទាមទារតែម្តង ឲ្យក្រុមប្រឹក្សាសន្តិសុខ (UNSC) នៃអង្គការធំបំផុតរបស់ពិភពលោកមួយនេះ បញ្ចេញចំណាត់ការភ្លាមៗ ដើម្បីដោះស្រាយជម្លោះ ដែលកំពុងតែក្តៅគគុករវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតាមព្រំដែនតំបន់ ហ្កាសាស្ទ្រីព ដែលរហូតមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ១៦នាក់ស្លាប់ និងជាង ១,៤០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
អគ្គរាជទូតគុយវ៉េត លោក ម៉ាន់សួរ អាល់ អូតៃប៊ី (Mansour Al-Otaibi) បានលើកឡើងនៅឯទីស្នាក់ការកណ្តាល UN ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិកថា «យើងសូមធ្វើការអំពាវនាវយ៉ាងទទូច ឲ្យ UNSC បញ្ចេញសកម្មភាពរបស់ខ្លួន។ ក្រុមប្រឹក្សានេះ គួរតែថ្កោលទោសចំពោះអំពើហិង្សាទាំងនោះ ហើយបញ្ឈប់វាតែម្តងទៅ»។ គុយវ៉េតបានសង្កត់ធ្ងន់ថា ក្រុមអ្នកតវ៉ាប៉ាឡេស្ទីន គ្មានអាវុធជាតិផ្ទុះនៅក្នុងដៃនោះទេ ដូច្នេះការសម្លាប់រង្គាលនៅហ្កាសា កាលពីថ្ងៃសុក្រនោះ គឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ។
កាលពីថ្ងៃសុក្រម្សិលមិញនេះ មានតវ៉ាដ៏ធំមួយរៀបចំឡើងដោយជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ប្រឆាំងទៅនឹងអ៊ីស្រាអែល នៅតាមតំបន់ព្រំដែន ដែលចំថ្ងៃសុក្រ គឺជាថ្ងៃបួងសួងប្រចាំសប្តាហ៍ របស់សាសនិកអ៊ីស្លាម ហើយជនជាតិប៉ាឡេស្ទីនទាំងនោះ បានធ្វើការចោលដុំថ្ម និងវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល ដែលឈរយាមនៅតាមរនាំងខណ្ឌចែកតំបន់ ហ្កាសា និងទឹកដីអ៊ីស្រាអែល។
ជុំវិញបញ្ហាដ៏ក្តៅគគុកនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រសប្តាហ៍នេះដែរ ដោយអំពាវនាវទៅដល់គ្រប់ភាគីទាំងអស់ មានការអត់ធ្មត់ និងបន្ធូរបន្ថយជម្លោះ នៅលើទឹកដីព្រំដែនរវាង ហ្កាសា និងអ៊ីស្រាអែល។ សហរដ្ឋអាមេរិក ដែលទើបតែសម្រេចទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ដែលបាននិងកំពុងបង្កកំហឹងឆាបឆេះលើជនជាតិប៉ាឡេស្ទីននោះ ក៏បានបង្ហាញការសោកស្តាយ និងក្រៀមក្រំបំផុតដែរ ចំពោះមរណភាព នៃប្រជាជនប៉ាឡេស្ទីន ទាំង ១៦នាក់ នៅហ្កាសាស្ទ្រីព។
សម្រាប់កិច្ចប្រជុំកំពូលមួយ នឹងត្រូវធ្វើនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាល្ងាចថ្ងៃសុក្រ ម៉ោងប្រមាណជា ៦៖៣០នាទី (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សាពីដំណោះស្រាយបន្ទាន់ ដើម្បីបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕