BREAKING NEWS: ជនជាតិប៉ាឡេស្ទីន «១៦នាក់ស្លាប់ និង ១,៤០០នាក់របួស» ដោយសារកងទ័ពអ៊ីស្រាអែលបង្ក្រាប ខណៈអាមេរិកអំពាវនាវឲ្យអត់ធ្មត់!
31-03-2018 09:41
(ហ្កាសា)៖ ទីបំផុតបញ្ហាធំបានផ្ទុះឡើងហើយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយកងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារ តបតទៅនឹងក្រុមអ្នកតវ៉ាប៉ាឡែស្ទីន នៅតាមរនាំងព្រំដែន នៃតំបន់ហ្កាសាស្ទ្រីព កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ១៦នាក់ស្លាប់ និងជាង ១,៤០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃសុក្រម្សិលមិញនេះ មានតវ៉ាដ៏ធំមួយរៀបចំឡើងដោយជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ប្រឆាំងទៅនឹងអ៊ីស្រាអែល នៅតាមតំបន់ព្រំដែន ដែលចំថ្ងៃសុក្រ គឺជាថ្ងៃបួងសួងប្រចាំសប្តាហ៍ របស់សាសនិកអ៊ីស្លាម ហើយជនជាតិប៉ាឡេស្ទីនទាំងនោះ បានធ្វើការចោលដុំថ្ម និងវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល ដែលឈរយាមនៅតាមរនាំងខណ្ឌចែកតំបន់ ហ្កាសា និងទឹកដីអ៊ីស្រាអែល។
ជុំវិញបញ្ហាដ៏ក្តៅគគុកនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រសប្តាហ៍នេះដែរ ដោយអំពាវនាវទៅដល់គ្រប់ភាគីទាំងអស់ មានការអត់ធ្មត់ និងបន្ធូរបន្ថយជម្លោះ នៅលើទឹកដីព្រំដែនរវាង ហ្កាសា និងអ៊ីស្រាអែល។ សហរដ្ឋអាមេរិក ដែលទើបតែសម្រេចទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ដែលបាននិងកំពុងបង្កកំហឹងឆាបឆេះលើជនជាតិប៉ាឡេស្ទីននោះ ក៏បានបង្ហាញការសោកស្តាយ និងក្រៀមក្រំបំផុតដែរ ចំពោះមរណភាព នៃប្រជាជនប៉ាឡេស្ទីន ទាំង ១៦នាក់ នៅហ្កាសាស្ទ្រីព។
សម្រាប់កិច្ចប្រជុំកំពូលមួយ នឹងត្រូវធ្វើនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាល្ងាចថ្ងៃសុក្រ ម៉ោងប្រមាណជា ៦៖៣០នាទី (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សាពីដំណោះស្រាយបន្ទាន់ ដើម្បីបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕