(ប៉ារីស)៖ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ ក្នុងទីក្រុង ប៉ារីស ដែលការកសាងទើបតែចាប់ផ្ដើមនោះ អ្នកតាមដានលើកញ្ចប់ថវិកាប្រទេសបារាំង នាថ្ងៃសុក្រនេះ បានព្រមានថា បារាំងជួបគ្រោះថ្នាក់ក្នុងការចំណាយប្រាក់ ៥០០លានអឺរ៉ូ លើសកញ្ចប់ថវិកាដែលបានគ្រោងទុក នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន rfi ចេញផ្សាយនៅប៉ុន្មាននាទីមុននេះបន្តិច។
ការព្រមាននេះ ត្រូវបានធ្វើឡើងត្រឹមតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉ារីស ត្រូវបានគេជ្រើសរើស ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤។ ការចំណាយដ៏ច្រើនលើសកំណត់នេះ ត្រូវបានរាយការណ៍ដោយអ្នកជំនាញរបស់រដ្ឋាភិបាលបារាំង ដោយបានបញ្ជាក់ថាគម្រោងសាងសង់ អាចលើសពីការព្យាករណ៍ទុកចំនួនកន្លះពាន់លានអឺរ៉ូ លើសគម្រោងថវិកាសរុបដែលបានគ្រោងទុក គឺទឹកប្រាក់ចំនួន៦,៨ ពាន់លានអឺរ៉ូ។
ពួកអ្នកជំនាញទាំងនោះ ក៏បានព្រមានអំពីការពន្យារពេលក្នុងការបញ្ចប់ការកសាងភូមិអូឡាំពិកនេះផងដែរ។ សូមជម្រាបថា ក្នុងចំណោមប្រាក់ដែលត្រូវយកមកចំណាយ ទឹកប្រាក់៣,៨ ពាន់លានអឺរ៉ូ បានមកពីមូលនីធិឯកជន និង១,៥ពាន់លានអឺរ៉ូបានមកការធ្វើវិនិយោគទុនរបស់រដ្ឋ៕