(ប៊ែកឡាំង)៖ ប្រទេស រុស្ស៊ី នៅថ្ងៃសុក្រនេះ បានបណ្តេញមន្ត្រីទូតអាឡឺម៉ង់៤រូប ជាការឆ្លើយតបនឹងការបណ្តេញមន្ត្រីទូតរបស់ខ្លួនចេញពីប្រទេសលោកខាងលិច ដែលគាំទ្រប្រទេសអង់គ្លេស ពាក់ព័ន្ធនឹងជម្លោះរឿងបំពុលអតីតភ្នាក់ងារស៊ើបការណ៍ជនជាតិរុស្ស៊ីម្នាក់ នេះបើយោងតាមការលើកឡើងរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ លោក Heiko Mass ដកស្រង់ដោយសារព័ត៌មានអន្តរជាតិ Reuter ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
លោក Maas បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព័ត៌មានបែបនេះ ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ហាក់គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ» «ទោះបីក្នុងស្ថានភាពបច្ចុប្បន្នបែបនេះក្តី យើងនៅតែត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីរក្សាសន្តិសុខសម្រាប់ប្រទេសទាំងពីរ និងកសាងទំនាក់ទំនងល្អ រវាងយើងទាំងអស់គ្នាក្នុងពេលអនាគត»។
សូមរំឮកថាប្រទេស អាល្លឺម៉ង់ នៅសប្តាហ៍នេះបានបណ្តេញមន្រ្តីការទូតរុស្ស៊ីបួនរូបចេញពីប្រទេស ដោយសង្ស័យថាមានពាក់ព័ន្ធក្នុងការបំពុលរបស់អតីតភ្នាក់ងាររុស្ស៊ីលោក Sergei Skripal នៅក្នុងប្រទេសអង់គ្លេស៕