(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថា យោធារបស់ខ្លួនបានដឹកនាំការធ្វើតេស្ដ បាញ់សាកល្បងជាលើក ទី ២ នូវមីស៊ីលផ្លោងឆ្លងទ្វីប ICBM Sarmat ប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ការធ្វើតេស្ដនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯតំបន់ ផ្លេសេតក៍ (Plesetsk) ភាគខាងជើង នៃប្រទេស ហើយប្រព័ន្ធមីស៊ីលប្រភេទ នេះនឹងត្រូវជំនួសមីស៊ីលសម័យអតីតសហភាពសូវៀត សាតាន់ (Satan)។ សាម៉ាត (Sarmat) គឺជាមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរក្នុងចំនួនដ៏ច្រើន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺការធ្វើតេស្ដនេះកើតមានឡើងនៅចំពេលរុស្ស៊ី និងសហភាពអឺរ៉ុប កំពុងមានភាពតានតឹងនឹងគ្នា រឿងបណ្ដេញមន្ត្រីទូតរុស្ស៊ី។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា រុស្ស៊ីបាននិងកំពុងចាប់ផ្ដើមធ្វើតេស្ត ក៏ដូចជាអភិវឌ្ឍន៍បន្ថែម នូវរយៈចំងាយបាញ់របស់ Sarmat។ Sarmat ត្រូវបានបាញ់សាកល្បងជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៧៕