(ហាណូយ)៖ ប្រទេសវៀតណាម និងប្រទេសឡាវ គួរតែបន្តបង្កើនទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ ក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត សន្តិសុខ និងការពារជាតិ។ នេះបើតាមប្រធានាធិបតីវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក Tran Dai Quang ធ្វើឡើងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសួលីត (Thongloun Sisoulith) ក្នុងទីក្រុងហាណូយ នៅថ្ងៃសុក្រនេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីវៀតណាមរូបនេះ ក៏បានបង្ហាញផងដែរពីជំនឿចិត្តរបស់លោកថា ការចូលរួមពីលោក Thongloun Sisoulith នឹងចូលរួមចំណែកក្នុងភាពជោគជ័យ នៃកិច្ចប្រជុំមហាអនុទន្លេមេគង្គ និងកិច្ចប្រជុំកំពូលអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម លើកទី១០។
គួរបញ្ជាក់ថា កិច្ចប្រជុំមហាអនុទន្លេមេគង្គ និងកិច្ចប្រជុំកំពូលអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាមលើកទី១០ កំពុង ប្រព្រឹត្តទៅក្នុងទៅក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២៩ រហូតថ្ងៃទី៣១ ខែមីនា៕