(ណៃពិដោ)៖ ទីបំផុតប្រធានាធិបតីថ្មី នៃសហភាពមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) បានស្បថឡើងកាន់តំណែងជាផ្លូវការហើយ នាថ្ងៃសុក្រនេះ និងបានប្តេជ្ញាជ្រើសយកគោលដៅចំនួន ០៣ ជាអាទិភាពចម្បងបំផុត សម្រាប់អាណត្តិកាន់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
គោលដៅទាំងនោះ រួមមានការអនុវត្តន៍ច្បាប់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា, ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការរក្សាសន្តិភាពក្នុងផ្ទៃប្រទេស, និងជាចុងក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញា សម្រាប់ការបង្កើត សហភាពសហព័ន្ធប្រជាធិបតេយ្យមួយ។ ការដាក់ចេញគោលដៅទាំងអស់នេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងនៃការថ្លែងសារក្នុងនាមជាប្រធានាធិបតីថ្មី របស់លោក Myint នៅឯសភាប្រទេសអាស៊ានមួយនេះ។
ជាមួយគ្នានេះ លោក Myint បានអំពាវនាវឲ្យមានការរឹងបន្តឹងប្រព័ន្ធយុត្តិធម៌ ដែលកំពុងធ្លាក់ចុះខ្សោយ, បង្កើនសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ, ជំរុញការការពារសិទ្ធិមនុស្ស និងការទប់ស្កាត់ការជួញដូរគ្រឿងញៀន, បង្ការកុំឲ្យមានការបាត់បង់មូលនិធិរបស់ប្រជាជន, ប្រគល់ដីធ្លីដែលបានរឹបអូសឲ្យម្ចាស់ដើមវិញ និងផ្តល់ប្រាក់សំណង, សម្រេចឲ្យបាននូវសុខុមាលភាពដល់ពលករនានា ក៏ដូចជាការផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សាដល់សិស្សានុសិស្ស ឲ្យបានកាន់តែច្រើន។
គួរជម្រាបថា លោក U Win Myint ដែលជាអតីតប្រធានសភាតំណាងរាស្រ្តមីយ៉ាន់ម៉ា បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃពុធសប្តាហ៍នេះ ដែលរៀបចំឡើងដោយសភាពសហភាព ដើម្បីបំពេញមុខតំណែងនៅទំនេរនេះ ដែលបន្សល់ទុកដោយអតីតប្រធានាធិបតី លោក U Htin Kyaw ដែលបានប្រកាសចុះចេញពីតួនាទីកាលពីសប្តាហ៍ ដោយលើកហេតុផលថា លោកមានបញ្ហាសុខភាព៕