(ភូមា)៖ លោក Win Myint ជាអ្នកនយោបាយជនជាតិភូមា និងអតីតជាអ្នកទោសនយោបាយម្នាក់។ លោកធ្លាប់ជាអ្នកនាំពាក្យសភាដំណាងរាស្ត្ររបស់មីយ៉ាន់ម៉ា ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ និងជាសមាជិកសភាដំណាងរាស្ត្រ ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨។ លោកត្រូវបានតែងតាំងជាប្រធានាធិបតីទី១០ របស់ភូមា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។ ខាងក្រោមជាព័ត៌មានសំខាន់ៗទាក់ទងនឹងជីវប្រវត្តិប្រធានាធិបតីថ្មីរូបនេះ ៖
* ប្រធានាធិបតីទី១០ របស់មីយ៉ាន់ម៉ា៖ ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨
* អ្នកនាំពាក្យទីពីរ នៃសភាតំណាងរាស្ត្រ៖ ចាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨
* សមាជិកសភាតំណាងរាស្ត្រនៃទីក្រុង Tamwe Township៖ ពីថ្ងៃទី០១ ខែកុម្ភៈ ២០១៦ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥១ (អាយុ៦៦ឆ្នាំ)
* កន្លែងកំណើត៖ ភូមិ Nyaung Chaung ទីក្រុង Danubyu ប្រទេស មីយ៉ាន់ម៉ា(អតីតប្រទេស ភូមា)
* បក្សនយោបាយ៖ សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ
* ភរិយា៖ លោកស្រី Cho Cho
* កូន៖ ម្នាក់
* ឪពុកម្តាយ៖ លោក Tun Kyin និងលោកស្រី Daw Than
១៖ ជីវិតពីកុមារភាព
Win Myint កើតនៅភូមិ Nyaung chung តំបន់ Ayeyarwady អតីតប្រទេស ភូមិ។ លោកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែក ភូមិវិទ្យា ពីសកលវិទ្យាល័យ Rangoon ។ លោកបានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ Cho Cho ដោយគូស្វាមីភរិយានេះមានកូនស្រីម្នាក់ដែលមានឈ្មោះថា Phyu Phyu Thin ជាក្រុមប្រឹក្សាជាន់ខ្ពស់ប្រចាំក្រុមហ៊ុន City Mart Holding។
២៖ ការប្រឡូកក្នុងការងារនយោបាយ
បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Rangoon លោក Win Myint បានក្លាយជាមេធាវីជាន់ខ្ពស់ក្នុងឆ្នាំ១៩៨១ និងក្លាយជាមេធាវីប្រចាំតុលាការកំពូល របស់មីយ៉ាន់ម៉ា។ ក្នុងឆ្នាំ១៩៨៥ លោកបានក្លាយជាអ្នកតស៊ូមតិនៅតុលាការជាន់ខ្ពស់។ លោកត្រូវបានជាប់គុកដោយសារតួនាទីរបស់លោកនៅក្នុងចលនាបះបោរ ៨៨៨៨។
លោកបានទទួលជោគជ័យក្នុងការធ្វើជាតំណាងរាស្ត្រក្នុងសង្កាត់ Danubyu ក្នុងតំបន់ Ayeyarwady ដោយទទួលបានសំឡេងភាគច្រើនចំនួន២០,៣៨៨(៥៦%នៃសម្លេងឆ្នោត) យ៉ាងនេះក្តី លោកមិនត្រូវបានអនុញ្ញាតឱ្យកាន់អាសនៈរបស់ខ្លួនឡើយ។
លោកបានបន្តអាជីពនយោបាយរបស់លោកនៅក្នុងការបោះឆ្នោត ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១២ ដោយបានជ័យជម្នះជាថ្មី។ នៅក្នុងការបោះឆ្នោតសកល មីយ៉ាន់ម៉ានៅឆ្នាំ ២០១៥ លោកបានជាប់ឆ្នោតជាសមាជិកសភានៅមណ្ឌលបោះឆ្នោត Tamwe ។ លោកបានបម្រើការជាអ្នកនាំពាក្យសភា នៃប្រទេសមីយ៉ាន់ម៉ាចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Htin Kyaw ជាប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint បានលាលែងពីតំណែង ជាអ្នកនាំពាក្យសភា។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សភា Pyithu Hluttaw បានបញ្ជាក់ពីការបោះឆ្នោតរបស់លោក Win Myint ធ្វើជាបេក្ខជនតំណាងរាស្ដ្រ សម្រាប់អនុប្រធានាធិបតី ដែលជាការបើកផ្លូវឱ្យ អាចចូលក្នុងដំណើរការបោះឆ្នោតធ្វើជាប្រធានាធិបតីមីយ៉ាន់ម៉ា។ ទីបំផុតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ សភាបានជ្រើសរើសលោក Win Myint ជាប្រធានាធិបតីទី១០ របស់ប្រទេសមីយ៉ាន់ម៉ា៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា