(ម៉ិចស៊ីកូស៊ីធី)៖ ទីក្រុងម៉ិចស៊ីកូស៊ីធី ដែលជាទីក្រុងមានការបំពុលដ៏ខ្លាំងមួយ នៅក្នុងពិភពលោកនោះ បានបង្ហាញនូវរថយន្តតាក់ស៊ីប្រភេទ Hybrid ដែលនឹងធ្វើចរាចរណ៍ជាផ្លូវការនៅលើដងវិថីនាពេលឆាប់ៗ និងបញ្ចេញផ្សែងពុល តិចជាងរថយន្តតាក់ស៊ីធម្មតាៗដល់ទៅ ៥០ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
ក្នុងអំឡុងនៃការតាំងបង្ហាញខាងលើ អភិបាលក្រុងម៉ិចស៊ីកូស៊ីធី លោក មីហ្គែល អានជែល ម៉ានសេរ៉ា (Miguel Angel Mancera) បានឲ្យដឹងថា រថយន្តតាក់ស៊ីម៉ូដែលថ្មីទាំងនេះចំនួន ៥០គ្រឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលដំបូង នៅខែមេសាខាងមុខនេះ។ រដ្ឋបាលទីក្រុងម៉ិចស៊ីកូ កំពុងរៀបចំគម្រោងធ្វើយ៉ាងផ្លាស់ប្តូររថយន្តតាក់ស៊ី ម៉ូដែលចាស់ៗចោលឲ្យអស់ ដោយជំនួសមកវិញនូវជម្រើសរថយន្តប្រភេទថ្មី ដែលពុំសូវបង្កផលប៉ះពាល់ដល់បរិស្ថាន និងជួយសន្សំសំចៃសាំងបានរហូតដល់ ៦០ភាគរយ។
គួរជម្រាបថា ជាមួយគ្នានេះស្ថានីយបញ្ចូលអគ្គិសនី ក៏នឹងត្រូវដំឡើងនៅតាមតំបន់ប្រជុំជនជាច្រើនកន្លែង ស្របពេលដែលកម្មវិធីនេះបន្តប្រព្រឹត្តទៅជាបណ្តើរៗនៅទូទាំងទីក្រុងដ៏ធំនេះ។ ទីក្រុងម៉ិចស៊ីកូស៊ីធី ដែលមានមនុស្សរស់នៅជិត ២២លាននាក់ បានប្រឈមមុខនឹងការប្រកាសអាសន្នផ្នែកបរិស្ថានជាខ្លាំង នៅក្នុងរយៈពេល ០២ឆ្នាំ កន្លងទៅនេះ៕