(វ៉ាស៊ីនតោន)៖​ នាយកទំនាក់ទំនង​សេតវិមាន និងជាអតីត​តារាម៉ូដែល លោកស្រី ហូប ហ៊ីកស៍ (Hope Hicks) បានលាលែង​ពីតំណែង​ជាផ្លូវការ​ហើយ ជាមួយការ​ជូនដំណើរ​លាគ្នា​ដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ និងលោកស្រី Hope Hicks បានបង្ហាញខ្លួន​នៅចំពោះ​មុខកាមេរ៉ា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅឯខាង​ក្រៅការិយា​ល័យ​ប្រធានាធិបតី ក្នុងថ្ងៃចុងក្រោយ​ដែលលោកស្រី​​ស្ថិតនៅសេតវិមាន​ អមដោយការចាប់ដៃ និងថើបថ្ពាល់​លាពីគ្នា​ជាមួយ លោក ត្រាំ ថែមទៀតផង។

លោកស្រី Hicks បានប្រកាស​លាលែងពីតំណែង​ ជានាយក​ទំនាក់ទំនង​សេតវិមាន កាលពីខែកុម្ភៈ​កន្លងទៅ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​សេតវិមាន លោក រ៉ូប ផរធើ (Rob Porter) ត្រូវបានគេ​ចោទប្រកាន់ថា បានប្រព្រឹត្តអំពើ​ហិង្សា​ក្នុងគ្រួសារ។ តែក្រោយ​មកទៀត លោក Porter ដែលបាន​ច្រានចោល រាល់​ការចោទប្រកាន់​មកលើរូបលោក ស្រាប់តែ​ធ្លាក់​ចូលក្នុង​រឿង​អាស្រូវ​​មួយផ្សេងទៀត ដែល​បានចោទថា លោក​លួចមា​នទំនាក់ទំនង​ស្នេហា​ជាមួយ លោកស្រី Hicks រូបនេះតែម្តង រហូតដល់ជំរុញ​ឱ្យលោក​លាលែងពី​តំណែង។

តែទោះជា​បែបនេះក្ដី ខាងសេតវិមាន​បានចេញមុខអះអាង​ថា ការលាលែងពី​តំណែងរបស់​ លោកស្រី Hope Hicks មិនមានជាប់​ពាក់ព័ន្ធនឹងរឿង​អាស្រូវទាំង​នេះទេ។ លោកស្រី គឺជាមនុស្ស​ជំនិតម្នាក់ដ៏យូរអង្វែង​របស់លោក ដូណាល់ ត្រាំ តាំងតែពី​មុនលោក ក្លាយជាប្រធានាធិបតី​អាមេរិក​មកម្ល៉េះ៕