(ឡានចូវ)៖ តុលាការនៃខេត្តកាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន បានសម្រេចផ្តន្ទាទោសប្រហារជីវិត ជនជាប់ចោទឈ្មោះ ហ្កៅ ឆេងយ៉ុង (Gao Chengyong) ពីបទមនុស្សឃាត ចាប់ជម្រិត រំលោភផ្លូវភេទ និងបំពានសាកសព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
ជនជាប់ចោទឈ្មោះ Gao Chengyong អាយុ ៥៤ឆ្នាំ បានសារភាពចំពោះមុខតុលាការ នៃភាគកណ្តាលខេត្ត Gansu ប្រទេសចិនថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ទាំងអស់មែន ដោយករណីទាំងនេះបានកើតឡើងនៅក្នុងអំឡុងពេល ១៤ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់ពេលលោកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាត់ទោស កាលពីឆ្នាំ២០១៦។
បើតាមចម្លើយសារភាព ជនចាប់ចោទឈ្មោះ Chengyong បានសម្លាប់ និងរំលោភស្ត្រី-កុមារសរុបចំនួន ១១នាក់ ដោយក្រោយរំលោភរួច ជនរោគចិត្តនេះបានអាកសម្លាប់ជនរងគ្រោះចោល បូករួមទាំងការកាត់បំផ្លាញប្រដាប់ភេទសាកសពទៀតផង ហើយទង្វើទាំងនេះ ត្រូវបានសារព័ត៌មានចិននានាចាត់ទុកថា ជាភាពសាហាវព្រៃផ្សៃបំផុតតែម្តង៕