(បាងកក)៖ មនុស្សយ៉ាងតិច ២០នាក់ បានបាត់បង់ជីវិត និង ០៣នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ឆេះរថយន្តក្រុងដ៏រន្ធត់មួយ ក្នុងខេត្ត តាក់ (Tak) ភាគពាយ័ព្យប្រទេសថៃ កាលពីវេលាយប់រំលងអធ្រាត ឈានចូលថ្ងៃសុក្រនេះ។ នេះបើតាមការទើបអះអាងដោយអាជ្ញាធរថៃ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
គ្រោះអគ្គីភ័យខាងលើ បានកើតឡើងនាវេលាម៉ោង ០១៖២៥នាទីយប់ ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅប្រទេសថៃ) ចេញពីកន្លែងស្តុកឥវ៉ាន់របស់រថយន្តក្រុង ដែលមានអ្នកដំណើរផ្ទុកសុទ្ធតែជា ពលករចំណាកស្រុកមីយ៉ាន់ម៉ា សរុបចំនួន ៤៧នាក់។ បើតាមការបញ្ជាក់ពីប៉ូលិស អ្នកបើកបររថយន្តក្រុង បានបើកទ្វារទាំងអស់ នៅពេលគ្រោះអគ្គីភ័យបានកើតឡើង ប៉ុន្តែអ្នកដំណើរប្រមាណ ២០នាក់ នៅតែមិនអាចភៀសខ្លួនចេញផុតទាន់ដដែល។
គួរជម្រាបថា ពលករមីយ៉ាន់ដទៃទៀតចំនួន ២៧នាក់ ព្រមទាំងតៃកុងឡាន និងភរិយា បានរត់ចេញពីរថយន្តក្រុង ដែលត្រូវអណ្តាតភ្លើងឆាបឆេះបានទាន់ពេលវេលា។ ខណៈពេលនេះ អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតទៅលើករណីនេះ ដើម្បីស្វែងរកមូលហេតុ៕