(អាមេរិក)៖ បើតាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន BuzzFeed អគ្គនាយករង​របស់ក្រុមហ៊ុន Facebook បាននិយាយ​ក្នុងសារអ៊ីម៉ែល​ផ្ទៃក្នុង​​មួយកាលពី​ឆ្នាំ២០១៦ថា បណ្តាញសង្គម​យក្សនេះ ត្រូវតែធ្វើយ៉ាង​ណា គិតគូរការបង្កើនចំនួន​អ្នកប្រើប្រាស់ លើសពីអ្វីៗ​ផ្សេងទាំងអស់ ទោះ​បីជាវា​អាចបង្កផលប៉ះពាល់វិជ្ជមាន​មួយចំនួន​ក៏ដោយ ដែល​សេចក្តីរាយការណ៍​នេះ បានញ៉ាំង​ឲ្យ​អគ្គនាយករង​រូបនោះ ព្រមទាំង​នាយក​ប្រតិ​បត្តិ (CEO) របស់ Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បដិសេធ​មិនទទួល​ស្គាល់​ភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន​ Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

អគ្គ​នាយករង Facebook លោក អាន់ឌ្រូ បូសវ៉ស (Andrew Bosworth) កាលពីខែមិថុនា ឆ្នាំ២០១៦ បានសរសេរក្នុងសារអ៊ីម៉ែលខាងលើថា ការអនុវត្តន៍ដែល​អាចថាមិនសមគួរមួយចំនួន គឺមិនថ្វីនោះ​ឡើយ​ ប្រសិនបើលទ្ធផល​បានមក គឺជាការតភ្ជាប់ទំនាក់ទំនង​រវាងអ្នកប្រើប្រាស់ ដូច្នេះហើយ​រាល់​កិច្ចការ​ដែលពួកយើងធ្វើ ដើម្បីបង្កើនចំនួន​អ្នកប្រើប្រាស់ គឺអាចលើកហេតុផល​យកមក​ការពារបាន។​​​

ក្រៅពីនេះ លោក Bosworth ក៏បានជំរុញបុគ្គលិក​ក្រុមហ៊ុន សិក្សាពី​ភាពអវិជ្ជមាននានា ដែលជាកត្តាធ្វើឲ្យពួកគេចុះខ្សោយ​សមត្ថភាព​ការងារ​ផងដែរ។ ក្នុងខ្លឹមសារ​នៃសារអ៊ីម៉ែល​នោះ លោក Bosworth ក៏មាននិយាយ​ផងដែរថា ប្រហែលជា​មានមនុស្សស្លាប់ នៅក្នុងការវាយប្រហារ​ភេរវកម្ម ដែលរៀបចំឡើង​តាមរយៈបណ្តាញ​សង្គម​​របស់យើង ប៉ុន្តែទោះ​ជាបែបនេះក្តី យើងនៅតែភ្ជាប់​ទំនាក់ទំនង​រវាងមនុស្ស។

ជុំវិញរឿងនេះ លោក Mark Zuckerg បានផ្តល់​ការគាំទ្រដល់ Bosworth ដោយថា លោក​គឺជាមេដឹកនាំ​ដែលប្រកបដោយ​ទេពកោសល្យ​ម្នាក់ ប៉ុន្តែលោក មិនជឿ​ជាក់ថា ការប្រើប្រាស់​វិធីសាស្រ្តមិន​គួរគប្បី ដើម្បីសម្រេច​លទ្ធផល ជារឿងត្រូវ​នោះឡើយ។ លោក Bosworth បាន​បញ្ជាក់ថា សារអ៊ីម៉ែល​នោះ គឺជារបស់លោកមែន ប៉ុន្តែខ្លឹមសារ​របស់វា គឺមានគោលដៅ​តែដើម្បីជំរុញ​ឲ្យការជជែកដេញដោល​ ជុំវិញ​ការ​លើក​ឡើងទាំងនោះ​ប៉ុណ្ណោះ ហើយលោក​មិនយល់ស្រប​ចំពោះវាឡើយ សូម្បីតែនៅពេល​ដែលលោក កំពុងសរសេរសារអ៊ីម៉ែល​នោះ។

គួរជម្រាបថា បច្ចុប្បន្ន Facebook កំពុងរងការរិះគន់ និងសម្ពាធ​យ៉ាងធ្ងន់ធ្ងរ ជុំវិញការដែលបណ្តាញសង្គមយក្សនេះ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​​ផ្នែកនយោបាយ Cambrige Analytica ពិនិត្យព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នកប្រើប្រាស់ប្រមាណ ៥០លាននាក់ ដែលភាពរំជើបរំជួលនេះ ធ្វើឲ្យ Facebook ខាតបង់ភាគហ៊ុន ១០០ពាន់លានដុល្លារទៅហើយ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ បន្ថែមពីនេះ លោក Mark Zuckerberg ត្រូវ​គេរំពឹងថា នឹងចូលផ្តល់សក្ខីកម្ម​នៅចំពោះមុខព្រឹទ្ធសភា​អាមេរិក ឆាប់បំផុត​នៅខែមេសា​ខាងមុខ ដើម្បីបកស្រាយនូវរាល់​ការចោទប្រកាន់​នានា ចំពោះបណ្តាញ​សង្គមយក្ស​លេខ ១ លើលោក​នេះ៕