(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ការសម្រេចចិត្តបណ្ដេញមន្ត្រីស្ថានទូត-កុងស៊ុលអាមេរិក ចេញពីប្រទេសរុស្ស៊ីនោះ គឺនឹងបំផ្លាញដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
សេតវិមានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសបណ្តេញមន្រ្តីការទូត អាមេរិក ៦០នាក់ ព្រមទាំងប្រកាសបិទស្ថានកុងស៊ុលអាមេរិក នៅក្នុងទីក្រុង St. Petersburg ផងដែរ ជាការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានបណ្ដេញមន្ត្រីទូតរុស្ស៊ី ៦០នាក់ ចេញពីប្រទេស ពាក់ព័ន្ធនឹងការបំពុលសម្លាប់អតីតចារកម្មរុស្ស៊ីម្នាក់នៅលើ ទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា។
«ការសម្រេចចិត្តរបស់រុស្ស៊ី មិនត្រូវបានរំពឹងទុកឡើយ ហើយសហរដ្ឋអាមេរិកនឹង ដោះស្រាយវា»។ នេះបើតាមការគូសបញ្ជាក់យ៉ាងខ្លី របស់សេតវិមាន ខណៈក្រសួងការបរទេសអាមេរិក ក៏បានសម្ដែងការសោកស្ដាយដែរ ចំពោះសកម្មភាព និងការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ។ អ្នកនាំក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើ ណត (Heather Nauert) បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងរក្សាសិទ្ធិក្នុងការចាត់វិធានការ ឆ្លើយតបនៅពេលអនាគត។ យើងកំពុងពិនិត្យឡើងវិញ នូវជម្រើសរបស់យើង»។ ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ថា តសហរដ្ឋអាមេរិក នឹងចាត់វិធានការអ្វីទៀតនោះទេ ប្រឆាំងនឹងរុស្ស៊ី។
គួរបញ្ជាក់ថា ភាពតាងតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានផ្ទុះឡើងជាថ្មី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តបណ្ដាញមន្ត្រីទូតរុស្ស៊ី ៦០នាក់ ចេញពីប្រទេស កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីគាំទ្រដល់ការចោទប្រកាន់របស់អង់គ្លេសថា រុស្ស៊ីជាអ្នកនៅ ពីក្រោយការបំពុលសម្លាប់អតីតមន្ត្រីចារកម្មរុស្ស៊ី លោក ស៊ីហ្កៃ ស្គ្រីផាល់ (Sergey Skripal) និងកូនស្រីរបស់លោក។ រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ហើយថា ក្រៅតែពីបណ្ដេញមន្ត្រីទូតអាមេរិក ខ្លួននឹងចាត់វិធានការម្ដងមួយៗ លើបណ្ដាប្រទេសដែលបានចូលរួមជាមួយអង់គ្លេស ក្នុងការបណ្ដេញមន្ត្រីទូតរុស្ស៊ីជិត ១៦០នាក់ ចេញពីប្រទេសរបស់ពួកគេ៕