(អាមេរិក)៖ នាថ្ងៃអាទិត្យ​សប្តាហ៍នេះ យន្តហោះដឹកជញ្ជូន​មួយគ្រឿង ដែលមានផ្ទុក​ទំនិញតម្លៃ ១.៥ពាន់លានដុល្លារ នឹងហោះចាក​ចេញ​​ពី​បន្ទាយ​​យោធា Andrews ក្បែររដ្ឋធានី​វ៉ាស៊ីនតោន ឆ្ពោះទៅកាន់​ជ្រោយ Canaveral នៃរដ្ឋផ្លូរីដា។ នៅលើនោះ គឺជាយាន​អវកាស​មួយគ្រឿង ដែលនឹង​ត្រូវទៅធ្វើការសិក្សាស្រាវជ្រាវ​កៀកនឹងព្រះអាទិត្យ នាប៉ុន្មានខែ​ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ វែបសាយ Wired នៅ​ព្រឹក​ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

យានអវកាស Parker Solar ដែលត្រូវបានរចនា និងកសាងឡើងដោយ​មន្ទីរពិសោធន៍​នៃសាកល​វិទ្យា​ល័យ Johns Hopkins និងគ្រប់គ្រង​រៀបចំ​ដោយទីភ្នាក់ងារ​អវកាសអាមេរិក NASA ត្រូវបានគេគ្រោង​នឹងបាញ់បង្ហោះ​នាថ្ងៃទី៣១ ខែកក្កដា តាមរយៈគ្រាប់​រ៉ុក្កែត Delta IV ចេញពី​​មជ្ឈមមណ្ឌល​អវកាស Kennedy នៃរដ្ឋផ្លូវរីដា។

នៅក្នុង​ដំណើរផ្សងព្រេង​របស់វា ទៅកាន់​ព្រះអាទិត្យ Parker នឹងឈាន​ដល់​​ល្បឿន ៧២៤,២០៤គីឡូម៉ែត្រ ក្នុងមួយម៉ោង តាមរយៈការ​ប្រើ​ប្រាស់​ទំនាញរបស់​ភពសុក្រ (Venus) ដើម្បីធ្វើជាកម្លាំង​រុញច្រានបន្ថែម។ ល្បឿន​ដ៏លឿននេះ នឹងអាចឲ្យយាន​អវកាស Parker ឆ្លងកាត់​​បរិយាកាស​អាក្រក់ៗរបស់ព្រះអាទិត្យ ឬក៏តំបន់ Corona នៅត្រឹមចម្ងាយ​តែជាង ០៦លានគីឡូម៉ែត្រ ប៉ុណ្ណោះពីផ្ទៃ​របស់​ព្រះអាទិត្យ ខណៈវា​គឺ​ជារយៈចម្ងាយ​ដ៏កៀកបំផុត ដែលយាន​អវកាស ធ្លាប់បានទៅក្បែរដុំបាល់​ភ្លើងយក្ស​មួយនេះ។

គួរជម្រាបថា នៅទីនោះ​យាន Parker នឹងធ្វើការប្រមែប្រមូល​ទិន្នន័យ ដែលអនុញ្ញាតឲ្យ​អ្នកវិទ្យាសាស្រ្ត បង្កើនការ​យល់ដឹង និង​អាចព្យា​ករណ៍ការ​កើតមាន​ នៃកំសួលអណ្តាតភ្លើង​ព្រះអាទិត្យ (Solar Flares) ឬព្យុះព្រះអាទិត្យ (Solar Wind/Storm) ដែលអាចបង្កការ​បំផ្លិចបំផ្លាញ​ដល់ប្រព័ន្ធទំនាក់ទំនង​នៅលើភពផែនដី។

យានអវកាស​ដែលចំណាយពេល ០៤ឆ្នាំ ដើម្បីកសាងឡើងនេះ​ត្រូវគេរំពឹងថា នឹងអាចធ្វើ​​ប្រតិបត្តិការ​បានរយៈពេល​យ៉ាងតិច ០៧ឆ្នាំ នៅទីអវកាស ហើយអាច​ផ្តល់ចម្លើយ​ដល់សំណួរ​សំខាន់ៗ អំពីរឿងៗចម្លែក​​របស់​ព្រះអាទិត្យ ប៉ុន្តែវានៅតែស្ថិត​នៅក្នុងគោលដៅ​ធំមួយ នោះគឺអង្កេត​សកម្មភាពនានា​របស់​ព្រះអាទិត្យ ដើម្បីបង្ការការគំរាមកំហែង​ណាមួយដល់​ផែនដី និងអាចឲ្យមនុស្ស​ធ្វើការ​វិភាគ​សកម្មភាព​ស្រទាប់នៃព្រះអាទិត្យ បានកាន់តែ​ប្រសើរជាងមុន៕