(ប៉ាគិស្ថាន)៖ យោធាប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានដឹកនាំការបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីលបាញ់ចេញពីនាវាមុជទឹក ផលិតនៅក្នុងស្រុក មានឈ្មោះកាត់ថា SLCM Babur ខណៈកំពុងមានតានតឹងជាមួយឥណ្ឌា នៅតាមព្រំដែនក្នុងតំបន់កាស្មៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។
យោងតាមប្រភពយោធាប៉ាគីស្ថាន មីស៊ីល បាប៊ឺ (Babur) ត្រូវបានបាញ់ចេញពីវានាមុជទឹកមួយគ្រឿង ដោយជោគជ័យ ពោលគឺវាបាញ់ចំគោលដៅយ៉ាងល្អឥតខ្ចោះ និងរត់បានចំងាយ ៤៥គីឡូម៉ែត្រ។ លើសពីនេះទៅទៀត យោធាប៉ាគីស្ថានក៏បានអះអាងដែរថា មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់ជាច្រើនប្រភេទ ក្រោមការបំពាក់បច្ចេកវិទ្យាគ្រប់គ្រងការបាញ់នៅក្រោមទឹក ហើយវាអាចនឹងជួយឱ្យយោធាប៉ាគីស្ថាន កាន់តែមានសមត្ថភាពការពារអធិបតេយ្យភាពរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីប៉ាគីស្ថាន លោក ម៉ាមនូន ហ៊ូស្សេន (Mamnoon Hussain) និងនាយករដ្ឋមន្ត្រីលោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) ក៏បាន សម្ដែងការសាទរ និងអបអរដល់ទីបញ្ជាការ នៃកងកម្លាំងយុទ្ធសាស្ត្រជើងទឹកប៉ាគីស្ថាន សម្រាប់ការធ្វើតេស្ដដោយជោគជ័យនូវ មីស៊ីល SLCM Babur៕