(យូអិន)៖ អគ្គលេខាធិការ នៃអង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonion Guterres) បានធ្វើការ​សង្កត់ធ្ងន់ថា ប្រទេសចិន​គឺជាអ្នកចូលរួម​ដ៏សំខាន់​បំផុតមួយ នៅក្នុងការដោះស្រាយ​បញ្ហានៅ​ឧបទ្វីបកូរ៉េ ដែល​លោក​ចង់​សំដៅ​ទៅលើ ​បញ្ហាអាវុធ​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង នោះតែម្តង។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

អគ្គលេខាធិការ UN និងជាអតីត​នាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្កាល់រូបនេះ បានលើកឡើង​នៅឯទីស្នាក់ការកណ្តាលរបស់លោក នៅបុរីញូយ៉ក​សហរដ្ឋអាមេរិកថា «ខ្ញុំពិតជាទទួល​បាន​ ការលើក​ទឹកចិត្ត​យ៉ាងខ្លាំងក្លាបំផុត ដោយសារ​តែ​​ការបំពេញទស្សនកិច្ច​ របស់មេដឹកនាំកំពូល​​កូរ៉េខាងជើង (លោក គីម ជុងអ៊ុន) ទៅកាន់ប្រទេស​ចិន។ ខ្ញុំគិតថា ប្រទេសចិន​ គឺអ្នក​ដែលចូលរួមយ៉ាង​សំខាន់ខ្លាំង​ណាស់ ចំពោះការ​ដោះស្រាយបញ្ហា​នៅក្នុងតំបន់នេះ»

លោក ហ្គួទែរ៉ែស បានបញ្ជាក់​បន្ថែមទៀតថា «ខ្ញុំជឿជាក់ថា ពិភពលោកនេះ នៅមានបញ្ហា​ជាច្រើន ដែល​មិនទាន់មាន​ដំណោះស្រាយគ្រប់គ្រាន់​នៅឡើយ ដូច្នេះខ្ញុំ​គិតថា វាជាឱកាស​សម្រាប់ការបង្កើត​ដំណោះស្រាយ​សន្តិភាព ទៅកាន់បញ្ហា​​ដែលប៉ុន្មាន​ខែមុនេះ គឺជាគ្រោះថ្នាក់ធំ​បំផុត ដែលយើង​បានជួបប្រទះ»

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានដឹកនាំ​មន្ត្រីជាន់ខ្ពស់ ធ្វើការបំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត​ធំបំផុត​លេខ ១ របស់ខ្លួន ជាលើកដំបូង​ គិតចាប់តាំងពី​លោកឡើង​កាន់តំណែង កាលពីចុងឆ្នាំ២០១១ ហើយវា​ត្រូវ​​បាន​ចាត់ទុកជា​ភាពវិជ្ជមាន​ខ្លាំង​បំផុតមួយ ដែលប្រទេស​ជាច្រើន ដូចជា​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសូម្បីតែ​អង្គការ​សហប្រជាជាតិ ក៏បានចេញសេចក្តី​ថ្លែងការណ៍​ស្វាគមន៍ ព្រោះវាជំហាន​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និងភាពតានតឹង​នៅឧបទ្វីប​កូរ៉េ​ យ៉ាងពិត​ប្រាកដ៕