(ស៊ីដនី)៖ ទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិក (​USGS) នៅថ្ងៃសុក្រនេះ​បាន​ឱ្យដឹងថា គ្រោះរញ្ជួយដី​កម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារ​លើកោះ ញូប្រ៊ីធិន (New Britain) នៃឆ្នេរប្រទេស​ប៉ាពួរញូហ្គីណេ ខណៈលទ្ធភាពដែលអាចកើតមានរលកយក្ស​ស៊ូណាមិ ក៏ត្រូវបានគេព្យាករណ៍នៅតាម ឆ្នេរមួយ​ចំនួនផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

យោងតាម USGS គ្រោះរញ្ជួយដី​នេះ​មានជំរៅ ១០គីឡូម៉ែត្រ ទៅក្នុងដី​ស្ថិតនៅចំងាយ ១៦២គីឡូម៉ែត្រ ពីទីក្រុង រ៉ាប៊ល (Rabaul) នៃកោះ New Britain។ វាបានកើតឡើង​នៅក្បែរតំបន់ឆ្នេរ នៅម៉ោងប្រមាណ ០៧៖២៥នាទីព្រឹក ថ្ងៃសុក្រនេះ។ ប៉ុន្តែភ្លាមៗ ពុំទាន់មានសេចក្ដីរាយ​ការណ៍ពី​ការខូចខាត និងជនរងគ្រោះ​នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រោះរញ្ជួយ​ផែនដី ដែលមានកម្រិត​រហូតដល់​ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារ​ដែនសមុទ្រ នៃប្រទេសប៉ាពួញូហ្គីណេ នៅតំបន់មួយ​ដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ នៃភាគខាង​លិច​ក្រុង Rabaul នៃកោះ New Britain ដែលញ័រ​ចេញពីជម្រៅដី ១០គីឡូម៉ែត្រ ប៉ុន្តែវាមិន​បានបង្កឲ្យ​មានជន​រងគ្រោះ ឬរលកយក្ស​ស៊ូណាមិនោះ​ឡើយ៕