(ម៉ូស្គូ)៖ តំណាងពាណិជ្ជកម្ម​ពិសេសរុស្ស៊ី ប្រចាំសហរដ្ឋ​អាមេរិក លោក អាឡេសានដឺ ស្ទេដនីក (Aleksander Stadnik) បាន​និយាយថា លោក​ត្រូវបាន ទីក្រុង​វ៉ាស៊ីនតោន បណ្ដេញ​ចេញពី​ប្រទេសដោយប្រកាស​ថា លោកជាមនុស្ស​មិនគួរ​ទទួលស្វាគមន៍ (persona non grata)។ នេះ បើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

បេសកកម្ម​ពាណិជ្ជកម្ម​រុស្ស៊ី ក្នុងទីក្រុង​វ៉ាស៊ីនតោន គឺជាទ្រព្យសម្បត្តិទូត​មួយក្នុង​ចំណោមបី ដែលត្រូវបាន​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទទ្វារ​កាលពី​ឆ្នាំ២០១៧។ ការសម្រេច​ចិត្តនេះ គឺជាការឆ្លើយតប​នឹង​ទីក្រុង​ម៉ូស្គូ សម្រាប់ការ​បណ្ដេញមន្ត្រីទូត​អាមេរិក​ជាង​ពាក់កណ្ដាល ដូចដែល​សហរដ្ឋអាមេរិក​បានធ្វើមក​លើរុស្ស៊ី ក្នុងសំណុំរឿង​ចោទប្រកាន់ថា ទីក្រុងម៉ូស្គូ បានលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក ក្នុងឆ្នាំ​ដដែល។

ថ្លែងប្រាប់​សារព័ត៌មាន Sputnik លោក Aleksander Stadnik បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ក្រោយ​បេសកកម្ម​ពាណិជ្ជកម្ម​រុស្ស៊ី នៅក្នុង​សហរដ្ឋអាមេរិក ត្រូវបានបិទទ្វារ​កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ការសម្រេចចិត្ត​បញ្ចូលខ្ញុំក្នុង​បញ្ជីឈ្មោះទូត​ ត្រូវបណ្ដេញចេញ មិនមានអ្វីគួរ​ឱ្យភ្ញាក់ផ្អើល​នោះទេ... ប៉ុន្តែវាគឺជា​ទង្វើអវិជ្ជមាន​ជ្រុលហួស​ហេតុ របស់សហរដ្ឋអាមេរិក ដែលនឹងធ្វើ​ទំនាក់​ទំនងរវាង​ប្រទេសទាំងពីរ កាន់តែអាក្រក់​ឡើង​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា ជុំវិញសង្រ្គាម​ការទូតនេះដែរ រដ្ឋាភិបាលរុស្ស៊ី​កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាស​បណ្ដេញមន្ត្រីទូត​អាមេរិក ៦០នាក់ ព្រមទាំងបិទ​ស្ថានកុងស៊ុល​អាមេរិក​ នៅក្នុងទីក្រុង St. Petersburg ជាការសងសឹក​នឹងទីក្រុងម៉ូស្គូ ដែលបាន​បណ្ដេញ​មន្ត្រីរុស្ស៊ី ០៦នាក់ ចេញពីប្រទេស​ពាក់ព័ន្ធនឹង​ការបំពុល​សម្លាប់អតីតមន្ត្រីចារកម្មរុស្ស៊ី នៅលើទឹកដីអង់គ្លេស៕