(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការផ្ទុះអំពើហិង្សា និងគ្រោះអគ្គីភ័យ​ក្នុងកន្លែងឃុំឃាំង​នៅឯស្ថានីយ​ប៉ូលិសមួយ​កន្លែង ក្នុងទីក្រុង វ៉ាឡេនសៀ (Valencia) នៃ​ប្រទេស​​វេ​ណេ​ស៊ុយ​អេ​ឡា បាន​ផ្តាច់​ជីវិត​មនុស្ស ៦៨នាក់ ដែលភាគ​ច្រើនបំផុត​ជាទណ្ឌិត៕

២៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទៅបំពេញទស្សនកិច្ច​នៅប្រទេសរុស្ស៊ី នា​ខែឧសភា ឆ្នាំ២០១៨នេះ ខណៈ​វា​នៅ​​តែ​ជា​រឿង​សំខាន់ដដែល ក្នុងការរក្សាការ​ពិភាក្សាទាក់ទង​គ្នា ដោយទៀងត្រង់ និងបើកចំហ​ជាមួយទីក្រុង​ម៉ូស្គូ ទោះ​បីជា​​​បច្ចុប្បន្ន កំពុង​មាន​រុស្ស៊ី​កំពុងរងការចោទ​ប្រកាន់ថា មានជាប់ពាក់ព័ន្ធ​នឹងករណី​ប្រើអាវុធគីមី បំពុលសម្លាប់​អតីតមន្រ្តី​ចារកម្មរុស្ស៊ី នៅលើទឹកដីអង់​គ្លេស​​យ៉ាង​​ណាក្តី៕

៣៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅ​ថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀង​គ្នាថា រៀបចំកិច្ចប្រជុំកំពូល​អន្តរកូរ៉េ នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ខណៈបងប្អូន​កូរ៉េទាំងពីរ កំពុងសម្លឹងមើល​ការផ្សះផ្សា​ទំនាក់ទំនង ដើម្បីបន្ធូរបន្ថយភាពតាន​តឹង​ផ្នែកយោធា នៅលើ​ឧបទ្វីបកូរ៉េ៕

៤៖ នៅចុង​សប្តាហ៍នេះ មន្ទីរពិសោធន៍​អវកាសចិន Tiangong-1 ដែលមានន័យថា វិមានឋានសួគ៌នោះ ទីបំផុតនឹងធ្លាក់ចូល​មក​ដល់​បរិយា​កាស​ នៃភពផែនដី ហើយឆាបឆេះ​នៅក្នុងស្ថានភាព​ដែលអ្នកវិទ្យាសាស្រ្ត​ មិនអាចគ្រប់គ្រង​វាបាន​ឡើយ៕

៥៖ កងកម្លាំង​យុទ្ធសាស្ត្រ​មីស៊ីលរុស្ស៊ី (RSMF) បានបញ្ចប់​ទាំងស្រុងហើយ​ នូវផ្នែកមួយ​នៃការបំពាក់អាវុធ​ឡើងវិញជាមួយ ប្រព័ន្ធចល័ត​មីស៊ីលឆ្លងទ្វីប ICBM​ ឈ្មោះថា Yars៕

៦៖ ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ បានសម្ដែង​ការសាទរ ចំពោះជំនួបរវាង​ប្រធានាធិបតី​ចិន​ លោក ស៊ី ជិនពីង និងមេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលធ្វើឡើង​ជាសម្ងាត់​ នៅក្នុងទីក្រុងប៉េកាំង​កាលពីថ្ងៃអាទិត្យ​កន្លងទៅ ហើយថា បច្ចុប្បន្នវា​គឺជាឱកាសសម្រាប់​លោក គីម ធ្វើរឿងល្អដល់​ប្រជាជន​របស់ខ្លួន៕