(ម៉ូស្គូ)៖ កងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី (RSMF) បានបញ្ចប់ទាំងស្រុងហើយ នូវផ្នែកមួយនៃការបំពាក់អាវុធឡើងវិញ ជាមួយប្រព័ន្ធចល័តមីស៊ីលឆ្លងទ្វីប ICBM ឈ្មោះថា Yars។ នេះបើតាមប្រព័ន្ធផ្សាព្វផ្សាយរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
Yars គឺជាប្រព័ន្ធចល័ត ឬស្ថានីយបាញ់មីស៊ីល ICBM ដែលត្រូវបានគេរំពឹងថា នឹងជំនួសប្រព័ន្ធចល័តមីស៊ីលចាស់ Topol RS-12M និង Stiletto RS-18 សម្រាប់យោធារុស្ស៊ី។ ជុំវិញគំរោងនេះដែរ ថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី TASS មេបញ្ជាការ RSMF លោក ស៊ីហ្កៃ ការ៉ាកាយ៉េវ (Sergei Karakayev) បានបញ្ជាក់ថា អង្គភាពមីស៊ីល អ៊ីគូតក៍ (Irkutsk) និង យ៉ូសការអូឡា (Yoshkar-Ola) កំពុងត្រូវបានបំពាក់អាវុធឡើងវិញ រីឯអង្គភាព បូឡូកូយ៉េ (Bologoye) និងបារណល (Barnaul) នឹងត្រូវបំពាក់ប្រព័ន្ធអាវុធ យ៉ាស៍ (Yars) នេះនៅឆ្នាំ២០២០។
បន្ថែមពីលើនេះ លោក Karakayev ក៏បានឱ្យដឹងដែរថា ការធ្វើសមយុទ្ធយោធាបាញ់មីស៊ីល នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ នៅឯតំបន់ ស្វឺដឡូវក៍ (Sverdlovsk) ដោយមានការចូលរួមពីកងទ័ព ៣,០០០នាក់ និងអង្គភាពចំនួន ៣០០ ហើយសមយុទ្ធនេះទៀតសោត នឹងផ្ដោតសំខាន់លើការលាក់បាំងប្រព័ន្ធចល័តមីស៊ីល និងវិធីសាស្ត្រដកថយរបស់អង្គភាពមីស៊ីល។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក Sergei Karakayev ធ្លាប់បានអះអាងថា រាល់អង្គភាពមីស៊ីលរុស្ស៊ីទាំងអស់ ដែលកំពុងប្រតិបត្តិការប្រព័ន្ធចល័តមីស៊ីល នឹងត្រូវបានបំពាក់អាវុធឡើងវិញជាមួយប្រព័ន្ធចល័តមីស៊ីល Yars នៅត្រឹមឆ្នាំ២០២៦។ ត្រូវបានសាកល្បងជាលើកដំបូង កាលពីខែឧសភា ឆ្នាំ២០០៧ ប្រព័ន្ធចល័តមីស៊ីល Yars មានជួយបាញ់មីស៊ីលបានចំងាយ ១១,០០០គីឡូម៉ែត្រ ព្រមទាំងអាចដឹកក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១៥០គីឡូតោន៕