(រ៉ូម៉ានី)៖ ក្រុមហ៊ុនរដ្ឋដែលមានឯកទេសខាង ផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសរ៉ូម៉ានី (Nuclear Electrica) បានឲ្យដឹងថា ម៉ាស៊ីនរ៉េអាក់ទ័រ Unit 2 របស់ខ្លួនបានបិទដោយស្វ័យប្រវត្តិ បន្ទាប់ពីមានបញ្ហានៅក្នុងប្រព័ន្ធអគ្គិសនី ប៉ុន្តែក្រុមហ៊ុនអះអាងថា ហេតុការណ៍នេះពុំបានបង្កឲ្យមានការគំរាមកំហែងអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
ក្រុមហ៊ុន Nuclear Electrica កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានសម្រេចកាត់បន្ថយថាមពលរ៉េអាក់ទ័រខាងលើ ចំនួន ៥០ភាគរយ ដើម្បីផ្លាស់ប្តូរក្បាលម៉ាស៊ីនស្នប់របស់វា ហើយម៉ាស៊ីនរ៉េអាក់ទ័រនោះ បានវិលត្រឡប់ទៅដំណើរការដូចដើម ដោយពេញថាមពលវិញ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា ការកាត់បន្ថយថាមពលរបស់រ៉េអាក់ទ័រ Unit 2 កាលពីថ្ងៃទី២៥ ខែមីនា និងការបិទដោយស្វ័យប្រវត្តិរបស់ខ្លួននាថ្ងៃនេះ ពុំមានទាក់ទងគ្នាឡើយ។
ក្រុមហ៊ុនខាងលើ បានគូសបញ្ជាក់ទៀតថា ការផ្តាច់ចរន្តនៃម៉ាស៊ីនរ៉េអាក់ទ័រ Unit 2 ពីប្រព័ន្ធថាមពល ពុំបានបង្កហានិភ័យចំពោះសុវត្ថិភាព ផ្នែកនុយក្លេអ៊ែរនោះឡើយ ហើយក៏មិនបានបណ្តាលឲ្យមានផលប៉ះពាល់ដល់បុគ្គលិកនៅទីនោះ ឬក៏បរិស្ថានជុំវិញដែរ។ ខណៈពេលនេះ ក្រុមអ្នកជំនាញកំពុងធ្វើការត្រួតពិនិត្យរកមូលហេតុ និងធ្វើការជួសជុលដែលចាំបាច់នានា។
គួរជម្រាបថា ក្រុមហ៊ុន Nuclear Electrica មានរ៉េអាក់ទ័រដែលមានសមត្ថភាព ផលិតថាមពលបាន ៧០៦ម៉េហ្គាវ៉ាត់ ចំនួន ០២ នៅក្រុង Cernavoda ភាគអាគ្នេយ៍ប្រទេសរ៉ូម៉ានី។ ម៉ាស៊ីនទីមួយ Unite 1 របស់ក្រុមហ៊ុន កាលពីថ្ងៃអាទិត្យកន្លងទៅ ក៏ត្រូវបានគេបិទអស់រយៈពេលប្រហែល ៤៨ម៉ោងផងដែរ ដើម្បីពិនិត្យមើលទៅលើបញ្ហាមួយ។ Nuclearelectrica គឺជារោងចក្រនុយក្លេអ៊ែរដំបូង និងតែមួយគត់នៅរ៉ូម៉ានី និងជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីធំបំផុត ប្រចាំប្រទេសអឺរ៉ុបមួយនេះ៕