(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នាខែឧសភា ឆ្នាំ២០១៨នេះ ខណៈវានៅតែជារឿងសំខាន់ដដែល ក្នុងការរក្សាការពិភាក្សាទាក់ទងគ្នា ដោយទៀងត្រង់ និងបើកចំហជាមួយទីក្រុងម៉ូស្គូ ទោះបីជាបច្ចុប្បន្ន កំពុងមានរុស្ស៊ីកំពុងរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងករណីប្រើអាវុធគីមី បំពុលសម្លាប់អតីតមន្រ្តីចារកម្មរុស្ស៊ី នៅលើទឹកដីអង់គ្លេសយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
លោក Macron បានជាប់កាលវិភាគត្រូវទៅបំពេញទស្សនកិច្ចនៅឯទីក្រុង Saint Peterbourg ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចមួយ នៅខែឧសភាខាងមុខនេះ ទោះបីជាទំនាក់ទំនងការទូតរវាងរុស្ស៊ី និងលោកខាងលិច បានធ្លាក់ចុះកាន់តែខ្លាំងថែមទៀត បន្ទាប់ពីផ្ទុះករណីវាយប្រហារដោយអាវុធគីមី កាលពីខែមីនាកន្លងទៅ ទៅលើអតីតមន្រ្តីចារកម្មរុស្ស៊ីឈ្មោះ Sergei Skripal។ លោក Sergei Skripal និងកូនស្រី ដែលបានត្រូវគេបំពុលនៅផ្ទះរបស់ខ្លួន កំពុងបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យដដែលមកទល់ពេលនេះ។
គួរជម្រាបថា ក្រោយពីកើតមានហេតុការណ៍ នៃការប្រើប្រាស់អាវុធគីមី នៅលើទឹកដីរបស់អឺរ៉ុបជាលើកដំបូង គិតចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទីពីរ ចក្រភពអង់គ្លេស បានទម្លាក់កំហុសទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន សម្រាប់ការប៉ុនប៉ងធ្វើឃាតនេះ ហើយបណ្តាប្រទេសលោកខាងលិច បានបណ្តេញមន្រ្តីទូតរុស្ស៊ីនៅតាមប្រទេសទាំងនោះ សរុបទាំងអស់ប្រមាណជា ១៣០នាក់ ឲ្យត្រឡប់ទៅស្រុកវិញ៕