(ម៉ូស្គូ)៖ ក្រោយទទួលជោគជ័យ តាមរយៈការជំរុញឱ្យអឺរ៉ុបចាត់វិធានការក្ដៅលើរុស្ស៊ី នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរេសា ម៉ាយ (Theresa May) បានអះអាងជាថ្មីឡើងវិញថា ទីក្រុងឡុងដ៍ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងនោះរួមមានទាំងកម្លាំងយោធា ដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
ភាពតានតឹងការទូតរវាងរុស្ស៊ី និងអង់គ្លេស បានផ្ទុះឡើងបន្ទាប់ពីអតីតមន្ត្រីចារកម្មរុស្ស៊ីលោក ស៊ីហ្កៃ ស្គ្រីផាល់ (Sergey Skripal) និងកូនស្រីរបស់លោក ត្រូវបានគេបំពុលសម្លាប់នៅលើទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា។ ទីក្រុងឡុងដ៍ បានចោទរុស្ស៊ីថា ជាអ្នកប្រព្រឹត្តទង្វើដ៏សាហាវនេះ ហើយក៏បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ២៣នាក់ ចេញប្រទេសផងដែរ។ ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធ ហើយបណ្ដេញមន្ត្រីទូតអង់គ្លេស ២៣នាក់វិញ ជាការសងសឹក។
ជុំវិញភាពតានតឹងនេះដែរ កាលពីថ្ងៃទី២៧ ខែមីនា លោកស្រី Theresa May បានសន្យាថា នឹងចាត់វិធានការបន្ថែម គ្រប់រូបភាពទាំងអស់នៅក្នុងករណីចាំបាច់ ដើម្បីទប់ទល់ជាមួយទីក្រុងម៉ូស្គូ។ «ដើម្បីការពារផលប្រយោជន៍ និងតម្លៃរបស់យើង... យើងនឹងប្រើប្រាស់គ្រប់វិធានការទាំងអស់ អនុឡោមតាមច្បាប់របស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកទាំងឡាយណា ដែលចង់បង្កអស្ថេរភាព និងវាយប្រហារមកលើយើង»។ នេះជាការលើកឡើង របស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស។
គួរបញ្ជាក់ថា មកទល់ពេលនេះ អតីតមន្ត្រីចារកម្មរុស្ស៊ី លោក ស៊ីហ្កៃ ស្គ្រីផាល់ (Sergey Skripal) និងកូនស្រីរបស់លោក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអង់គ្លេស ក្រោមស្ថានភាពសន្លប់ស្ដូកស្ដឹងនៅឡើយ។ ចំណែកឯ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចចំនួន ២៦ បានសម្រេចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ីជិត ១៥០នាក់ ចេញពីប្រទេសរបស់ពួកគេ ក្រោមហេតុផលថា រុស្ស៊ីជាអ្នកនៅពីក្រោយការព្យាយាមបំពុលសម្លាប់អ្នកទាំងពីរ៕