(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀងគ្នាថា រៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ខណៈបងប្អូនកូរ៉េទាំងពីរ កំពុងសម្លឹងមើលការផ្សះផ្សាទំនាក់ទំនង ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
សម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាមួយ នៅថ្ងៃព្រហស្បតិ៍នេះ រវាងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតំបន់តុងជីលហ្កាក់ (Tongilgak) ដែលស្ថិតនៅលើទឹកដីរបស់កូរ៉េខាងជើងក្នុងភូមិ ផាន់មុនចុម (Panmunjom) ខណ្ឌចែក ព្រំដែនកូរ៉េទាំងពីរ។ ជាមួយគ្នានោះដែរ បើតាមលទ្ធផលនៃកិច្ចពិភាក្សនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបគ្នាជាលើកដំបូងជាប្រវត្តិសាស្ត្រ នៅឯវិមានសន្តិភាព ស្ថិតនៅលើទឹកដីកូរ៉េខាងត្បូង ក្នុងភូមិផាន់មុនចុម (Panmunjom) នៅថ្ងៃទី២៧ ខែមេសា។
បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរថា នឹងរៀបចំកិច្ចសន្ទនាមួយទៀត នៅថ្ងៃទី០៤ ខែមេសា នៅក្នុងភូមិផាន់មុនចុម (Panmunjom) សំដៅពិភាក្សាគ្នាអំពីពិធីសារសន្តិសុខពាក់ព័ន្ធនឹងជំនួបកំពូលអន្តរកូរ៉េ។
គួរបញ្ជាក់ថា ក្រោយត្រូវសហរដ្ឋអាមេរិក និងចិនដែលជាខ្នងបង្អែករបស់ខ្លួន រួមទាំងអង្គការសហប្រជាជាតិ ព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៨នេះ កូរ៉េខាងជើង ហាក់ដូចជាបន្ទន់ឥរិយាបថយ៉ាងខ្លាំង។ ជាក់ស្ដែងក្រោយជំនួបជាមួយលោក ស៊ី ជិនពីង កាលពីប៉ុន្មានថ្ងៃមុនេះ លោក គីម ជុងអ៊ុន ថែមទាំងអះអាងទៀតផងដែរ អំពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ៕