(អាមេរិក)៖ នៅចុងសប្តាហ៍នេះ មន្ទីរពិសោធន៍អវកាសចិន Tiangong-1 ដែលមានន័យថា វិមានឋានសួគ៌នោះ ទីបំផុតនឹងធ្លាក់ចូលមកដល់បរិយាកាស នៃភពផែនដី ហើយឆាបឆេះនៅក្នុងស្ថានភាពដែលអ្នកវិទ្យាសាស្រ្ត មិនអាចគ្រប់គ្រងវាបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
Tiangong-1 គឺជាមន្ទីរពិសោធន៍អវកាសដំបូងបំផុតរបស់ចិន ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១១ និងធ្លាប់បានទទួលអវកាសយានិក០២នាក់ នៅទីនោះកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣។ វាបានបន្តដំណើរការជាធម្មតា រហូតដល់ឆ្នាំ២០១៦ ជាពេលដែលការទាក់ទងជាមួយមន្ទីរពិសោធន៍អវកាសបានបាត់បង់ទៅ។
ខណៈពេលនេះ Tiangong-1 កំពុងសំយុងធ្លាក់ចុះមករកផ្ទៃផែនដី ហើយភាគច្រើននៃតួខ្លួនវាត្រូវគេរំពឹងថា នឹងឆេះរលាយអស់នៅក្នុងបរិយាកាស ខណៈបំណែកក៏ដូចជាកម្ទេចកម្ទីរ ដែលនៅសេសសល់របស់វា អាចនឹងធ្លាក់មកដល់ផ្ទៃផែនដី (ភាគច្រើនត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលផ្ទៃសមុទ្រច្រើនជាង)។
Tiangong-1 ដែលមានទំហំប្រហាក់ប្រហែលនឹងរថយន្តក្រុងមួយគ្រឿងនេះ មានទំហំតូចជាងឆ្ងាយបើធៀបនឹង ស្ថានីយអវកាស Skylab របស់ អង្គការ NASA ដែលបានធ្លាក់ទៅចំតំបន់ដាច់ស្រយ៉ាល នៃប្រទេសអូស្រ្តាលីកាលពីឆ្នាំ១៩៧៩។ មន្ទីរពិសោធន៍អវកាសចិនមួយនេះ មានទម្ងន់ត្រឹម ៩.៤តោនប៉ុណ្ណោះ ខណៈ Skylab មានទម្ងន់ដល់ទៅ ១០០តោន។
គួរជម្រាបថា សម្រាប់ទីតាំងដែលបំណែកមួយចំនួនរបស់ Tiangong-1 ដែលអាចនៅសល់ពីការឆាបឆេះក្នុងបរិយាកាស ប្រហែលជានឹងធ្លាក់ចំនោះ គឺនៅចន្លោះតំបន់ 43 Degrees North និង 43 Degrees South Latitudes (តំបន់ភាគខាងជើង និងភាគខាងត្បូងខ្សែអេក្វាទ័របន្តិចៗម្ខាង ដូចរូបដែលបង្ហាញខាងក្រោមអត្ថបទ) ខណៈលទ្ធភាពដែលថា មនុស្សម្នាក់នឹងត្រូវកម្ទីរកម្ទេចទាំងនោះ ធ្លាក់ចំនោះគឺវាតិចតួចជាទីបំផុត៕