(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការសាទរ ចំពោះជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលធ្វើឡើងជាសម្ងាត់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយថា បច្ចុប្បន្នវាគឺជាឱកាសសម្រាប់លោក គីម ធ្វើរឿងល្អដល់ប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានកត់សម្គាល់យ៉ាងដូច្នេះថា «បច្ចុប្បន្ន វាគឺជាឱកាសមួយឱ្យលោក គីម ជុងអ៊ុន ធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រជាជនរបស់លោក និងមនុស្សជាតិ»។ លើសពីនេះទៅទៀត លោក ត្រាំ ក៏បានឱ្យដឹងដែរថា លោកបានទទួលសារមួយពីលោក ស៊ី ជិនពីង ដែលថាជំនួបរវាងលោកជាមួយលោក គីម ជុងអ៊ុន បានដំណើរការទៅយ៉ាងល្អ ហើយលោក គីម ថែមទាំងបានបញ្ជាក់ជាថ្មីពីគោលបំណង លុបបំបាត់អាវុធនុយក្លេអ៊ែរទៀតផង។
គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ដូណាល់ ត្រាំ កំពុងទន្ទឹមរង់ចាំជំនួបជាមួយលោក គីម ជុងអ៊ុន ហើយថា ជំនួបរវាងលោក គីម ជាមួយលោក ស៊ី ជិនពីង គឺជាជំនួបមួយមិនធ្លាប់មាន ព្រមទាំងជាជំហានប្រវត្តិសាស្ត្រ នៃដំណើរឆ្ពោះទៅរកអនាគតភ្លឺស្វាង។ លោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចមិនផ្លូវការមួយ ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាជាមួយលោក ស៊ី ជិនពីង មុននឹងលោកគ្រោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែឧសភាខាងមុខនេះ៕