ក្តៅគគុក! ផ្ទុះអំពីហិង្សា និងអគ្គីភ័យ នៅប៉ុស្តិ៍ប៉ូលិសវេណេស៊ុយអេឡា «ផ្តាច់ជីវិតមនុស្ស រហូតដល់ ៦៨នាក់»
29-03-2018 11:15
(ការ៉ាកាស់)៖ ការផ្ទុះអំពើហិង្សា និងគ្រោះអគ្គីភ័យក្នុងកន្លែងឃុំឃាំងនៅឯស្ថានីយប៉ូលិសមួយកន្លែង ក្នុងទីក្រុង វ៉ាឡេនសៀ (Valencia) នៃប្រទេសវេណេស៊ុយអេឡា បានផ្តាច់ជីវិតមនុស្ស ៦៨នាក់ ដែលភាគច្រើនបំផុតជាទណ្ឌិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
ជុំវិញហេតុការណ៍ខាងលើនេះ អាជ្ញាធរវេណេស៊ុយអេឡាបានធានាអះអាងថា នឹងបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងល្អិតល្អន់បំផុត ដើម្បីបញ្ជាក់ថា តើ មានរឿងអ្វីកើតឡើងឲ្យពិតប្រាកដ នៅក្នុងហេតុការណ៍ដ៏គួរឲ្យឈឺចាប់ទាំងនេះ ដែលបានបន្សល់ទុកឲ្យ ក្រុមគ្រួសារវេណេស៊ុយអេឡាមួយចំនួន ទទួលរងទុក្ខក្រៀមក្រំបែបនេះ។
គួរជម្រាបថា ភាគច្រើននៃពន្ធនាគារ ក៏ដូចជាកន្លែងឃុំឃាំងក្នុងប្រទេសវេណេស៊ុយអេឡា តែងមានភាពកកកុញខ្លាំង និងសម្បូរទៅដោយអាវុធព្រមទាំងថ្នាំញៀន ហើយការផ្ទុះអំពើហិង្សា រហូតដល់បណ្តាលមានមនុស្សស្លាប់ ស្ទើរតែក្លាយជារឿងសាមញ្ញ សម្រាប់ប្រទេសអាមេរិកឡាទីនមួយនេះទៅហើយ៕