(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានបង្ហាញការស្វាគមន៍ និងគាំទ្រចំពោះជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលធ្វើឡើងយ៉ាងសម្ងាត់នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
អ្នកនាំពាក្យរងរបស់ លោក Guterres គឺលោក ហ្វាហាន ហាក (Farhan Haq) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា «បន្ទាប់ពីជំនួបថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង រវាងមេដឹកនាំចិន និងមេដឹកនាំកូរ៉េខាងជើង លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានបង្ហាញពីការស្វាគមន៍យ៉ាងខ្លាំង ចំពោះសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងបានបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់ខ្លូន។ មិនតែប៉ុណ្ណោះ លោកផ្ទាល់ក៏យល់ឃើញដែរថា នេះ គឺជាជំហានវិជ្ជមានមួយ ឆ្ពោះទៅរកការចាប់ផ្ដើដំណើរការនីតិវិធី នៃកិច្ចសន្ទនាដោយស្មោះត្រង់ ដែលនឹងនាំទៅកាន់សន្តិភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។
គួរជម្រាបជូនថា លោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចមិនផ្លូវការមួយ មកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាជាមួយលោក ស៊ី ជិនពីង មុននឹងលោកគ្រោងជួបជាមួយប្រធានាធិបតីអាមេរិក លោកដូណល់ ត្រាំ នៅខែឧសភាខាងមុខនេះ។ បើតាមការបញ្ជាក់អត្ថន័យក្នុងកិច្ចប្រជុំដោយប្រទេសចិនផ្ទាល់ វាគឺភាពវិជ្ជមានបន្ថែម នៅក្នុងឈានទៅរកការសម្រេចគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ពីឧបទ្វីបកូរ៉េ ដែលទាំងចិន និងអាមេរិកចង់បាន៕