(សេអ៊ូល)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមកិច្ចពិភាក្សាជាន់ខ្ពស់របស់ខ្លួន ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈ សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែមេសាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
មន្រ្តីជាន់ខ្ពស់មកពីភាគីទាំងសងខាង បានជួបគ្នានៅឯអគារ តុងជីលហ្កាក់ (Tongilgak) ដែលស្ថិតនៅលើទឹកដីរបស់កូរ៉េខាងជើងក្នុងភូមិ ផាន់មុនចុម (Panmunjom) ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរ។ ដោយឡែកសម្រាប់ប្រធានដែលដឹកនាំប្រតិភូរបស់កូរ៉េខាងត្បូង គឺរដ្ឋមន្រ្តីបង្រួបបង្រួមជាតិ លោក ចូ ម្យ៉ាងក្យុន (Cho Myoung-gyon) ខណៈសមភាគីរបស់លោក គឺលោក រី សងក្វុន (Ri Song-gwon)។
គួរជម្រាបថា ជំនួបខាងលើនេះ ត្រូវបានកំណត់ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នានឹងបើកកិច្ចប្រជុំកំពូលមួយ នៅខែមេសា ក្នុងភូមិ Panmunjom ក្រោយពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាង ០១ឆ្នាំមកហើយ ដោយសារតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង៕