(អាមេរិក)៖ អតីតកាលអាក្រក់របស់មនុស្សលោក អាចផ្តល់ហេតុផលយ៉ាងសាកសម សម្រាប់ការព្យាយាមកសាងអរិយធម៌ថ្មី នៅលើឋានព្រះច័ន្ទ ឬក៏ភពព្រះអង្គារ (Mars)។ នេះបើតាមសម្តីរបស់ស្ថាបនិកក្រុមហ៊ុន SpaceX លោក អេឡន ម៉ាសក៍ (Elon Musk) ដកស្រង់ដោយវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
សហគ្រិនដែលមានទ្រព្យសម្បត្តិរាប់ពាន់លានរូបនេះ ធ្លាប់បានគូសបញ្ជាក់តាំងតែពីយូរណាស់មកហើយថា លោកបានបង្កើត SpaceX ឡើង កាលពីឆ្នាំ២០០២ ក្រោមគោលដៅចម្បង គឺជួយមនុស្សលោកឲ្យមានវត្តមាននៅភពឯទៀតៗ មិនត្រឹមតែនៅលើភពផែនដីមួយឡើយ ដើម្បីបង្ការមិនឲ្យពួកយើងងាយប្រឈមនឹងការផុតពូជ។
សម្រាប់ពេលអនាគត មនុស្សលោក នឹងប្រឈមមុខជាមួយការគំរាមកំហែងធំៗជាច្រើន មានតាំងពីការវាយប្រហារដោយអាចម៍ផ្កាយ និងបញ្ហាបម្រែបម្រួលអាកាសធាតុ រហូតដល់ការបាត់ម្ចាស់ការទៅលើបច្ចេកវិទ្យាវ័យឆ្លាត AI បើតាមការព្រមានរបស់ លោក Musk ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយថ្មីៗមហាសេដ្ឋីរូបនេះ ក៏បានសង្កត់ធ្ងន់ អំពីបញ្ហាអសមត្ថភាពជាក់ស្តែងរបស់យើង ក្នុងការចុះសម្រុងជាមួយគ្នា ជាកត្តាគួរឲ្យកង្វល់មួយផ្សេងទៀតផងដែរ។
កាលពីដើមខែមីនានេះ លោក Elon Musk បាននិយាយយ៉ាងដូចច្នេះថា «កាលពីសតវត្សរ៍មុន យើងធ្លាប់មានសង្រ្គាមធំៗចំនួន ០២ មកហើយ... បីប្រសិនបើយើងរាប់បញ្ចូលទាំងសង្រ្គាម។ ខ្ញុំគិតថា យើងអាចនឹងជួបប្រទះសង្រ្គាមទ្រង់ទ្រាយធំមួយផ្សេងទៀត»។ លោក Musk បានបញ្ជាក់ថា លោកពុំមែនកំពុងទស្សន៍ទាយអំពីសង្រ្គាមពិភពលោកនោះទេ ប៉ុន្តែគ្រាន់តែចង់លើកឡើងថា វាទំនងជាអាចកើតឡើងនាថ្ងៃអនាគត ដោយមើលទៅលើកំណត់ត្រាប្រវត្តិសាស្រ្តរបស់មនុស្សលោក។ លោក Musk បន្ថែមថា ប្រសិនបើ ឬក៏នៅពេលដែល សង្រ្គាមធំនោះកើតឡើង វាអាចបង្កទៅជាសម័យកាលដ៏ខ្មៅងងឹត នៅទូទាំងពិភពលោកតែម្តង។
«ដូច្នេះហើយ យើងចង់ធានាថា នឹងមានគ្រាប់ពូជនៃអរិយធម៌មនុស្សគ្រប់គ្រាន់ នៅទីកន្លែងផ្សេង ដើម្បីនាំអរិយធម៌ទាំងនោះ ត្រឡប់មកវិញ ឬក៏កាត់បន្ថយរយៈពេល នៃសម័យកាលខ្មៅងងឹត។ ខ្ញុំគិតថា មូលដ្ឋាននៅឋានព្រះច័ន្ទ និងមូលដ្ឋាននៅភពអង្គារ ដែលអាចជួយស្រោចស្រង់ជីវិតឡើងវិញនៅលើផែនដី នឹងមានសារៈសំខាន់ខ្លាំងណាស់ និងដើម្បីធ្វើយ៉ាងដូច្នោះបាន នៅមុនការផ្ទុះសង្រ្គាមលោកលើកទីបី»។
គួរជម្រាបថា លោក Elon Musk មិនមែនបានតែនិយាយចោលទាំងស្រុងឡើយ។ បច្ចុប្បន្ន SpaceX កំពុងអភិវឌ្ឍន៍យានអវកាសកាត់គ្រាប់រ៉ុក្តែតដ៏ធំមួយ ហៅថា BFR ដែលមានគោលដៅចម្បងធ្វើយ៉ាងណា ឲ្យការដាក់អាណានិគមនៅ Mars អាចធ្វើទៅបានបើនិយាយពីរឿងសេដ្ឋកិច្ច។ បន្ថែមពីនេះ បច្ចុប្បន្នមានតែ SpaceX ប៉ុណ្ណោះ ដែលគិតគូរខ្លាំងពីការនាំមនុស្សទៅភពអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ ខណៈដែល NASA ហាក់ដូចជារារែក៕