(តូក្យូ)៖ សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងសម្លឹងមើល ឱកាសក្នុងការរៀបចំជំនួបកំពូលទ្វេភាគីជាមួយកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង ក៏កំពុងពិចារណាពីជំនួបនេះដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
Asahi ផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណពីកូរ៉េខាងជើង បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន បានជូនដំណឹងដល់ បណ្ដាមេដឹកនាំគណបក្សពលករកូរ៉េខាងជើង ពីលទ្ធភាពនៃការរៀបចំជំនួបកំពូលជាមួយជប៉ុន។ កាសែតជប៉ុននេះបានគូសបញ្ជាក់ ដូច្នេះថា «រដ្ឋាភិបាលជប៉ុន បានបង្ហាញពីបំណងចង់រៀបចំជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង តាមរយៈសមាគមប្រជាជន កូរ៉េខាងជើងរស់នៅក្នុងប្រទេសជប៉ុន... ហើយជំនួបនេះទៀតសោត ទំនងជាអាចនឹងប្រព្រឹត្តនៅដើមខែមិថុនា»។
គួរបញ្ជាក់ថា បើតាម Asahi បើសិនជាទំនាក់ទំនងរវាង កូរ៉េខាងជើង និងជប៉ុន អាចត្រឡប់ទៅរកភាពប្រក្រតី នោះកូរ៉េខាងជើងរំពឹងថា អាចនឹងទទួលបានជំនួយពី ២០ពាន់លានដុល្លារ ដល់ ៥០ពាន់លានដុល្លារពីជប៉ុន។ ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្លាប់បានអះអាងជាច្រើនដងរួចហើយថា ទីក្រុងតូក្យូនឹងបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ឬសម្ពាធលើកូរ៉េខាងជើង ជាដាច់ខាត បើសិនទីក្រុងព្យុងយ៉ាងមិនព្រមបោះចោល អាវុធនុយក្លេអ៊ែរដោយចិត្តស្មោះទេនោះ៕