(ឡុងដ៍)៖ រដ្ឋាភិបាលអេក្វាឌ័រសម្រេចចិត្តកាត់ផ្ដាច់អ៊ីនធើណែត មិនឱ្យស្ថាបនិកគេហទំព័រ Wikileaks លោក ជូលៀន អាស្សាង (Julian Assange) ប្រើប្រាស់បានតទៅទៀត នៅក្នុងស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយដែលនេះគឺជាការរារាំងរូបលោកទាំង ស្រុងពីទំនាក់ទំនងជាមួយពិភពខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃពុធ រដ្ឋាភិបាលអេក្វាឌ័រ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ការសម្រេចចិត្តកាត់ផ្ដាច់ អ៊ីធើណែត គឺធ្វើឡើងក្នុងចេតនារារាំង មិនឱ្យស្ថាបនិក Wikileaks លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់បណ្ដាប្រទេសដទៃ»។
យ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Assange បានចោទសួរជាសំណួរ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ទីក្រុងម៉ូស្គូ ជាអ្នកទទួលខុសត្រូវ លើការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី និងកូនស្រីរបស់លោក នៅលើទឹកដីអង់គ្លេសកាលពីថ្ងៃទី០៤ ខែមីនា។ សម្រាប់មេ Wikileaks រូបនេះ ទីក្រុងឡុងដ៍ មិនទាន់បានបង្ហាញភស្ដុតាងជាក់លាក់ណាមួយថា រុស្ស៊ីជាប្រព្រឹត្តទង្វើនេះនៅឡើយទេ។
គួរបញ្ជាក់ថា លោក Julian Assange ទទួលបានសិទ្ធិជ្រកកោននយោបាយ នៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ កាលពីឆ្នាំ ២០១២ ហើយការស្នាក់នៅក្នុងទីក្រុងឡុងដ៍ គឺដើម្បីបញ្ជៀសការធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក៕