(ប៉េកាំង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាក្នុងការកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរ ព្រមទាំងគ្រោងនឹងជួបជាមួយមន្ត្រីអាមេរិក ថែមទៀតផង នេះជាការលើកឡើងរបស់ភាគីមហាអំណាចចិន នាថ្ងៃពុធនេះបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះ ធ្វើកិច្ចជំនួបជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង ដែលសន្យាចិន នឹងបង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាងដ៏ឯកាមួយនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។
លោក គីម បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន រយៈពេលបីថ្ងៃ ដែលត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក គីម ជាលើកតំបូង ចាប់តាំងលោក ឡើងកាន់អំណាចឆ្នាំ២០១១។ ដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគជឿជាក់ថា ជាការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល រវាងកូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងនេះក្តីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបានលើកឡើងពីការប្តេជ្ញាចិត្តរបស់លោក គីម ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនេះ ឬការចូលរួមក្នុងកិច្ចជំនួប ជាមួយប្រធានាធិបតីអាមេរិក ដែលគ្រោងនឹងរៀបចំឡើងនៅខែឧសភាខាងមុខឡើយ៕
រូបភាពបង្ហាញពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ជួបជាមួយលោក ស៊ី នៅទីក្រុងប៉េកាំង