ទោះធូរស្រាលក៏ដោយ! លោកដូណាល់ ត្រាំ ថានឹងរក្សាការដាក់សម្ពាធអតិបរាមា លើកូរ៉េខាងជើង
28-03-2018 22:58
(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបានអះអាងឡើងវិញថា លោកនឹងបន្តរក្សាការដាក់សម្ពាធ ជាអតិបរាមាលើកូរ៉េខាងជើងគ្រប់តម្លៃទាំងអស់ បើទោះជាស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងវិវត្តទៅរកភាពធូរស្រាលគួរឱ្យ កត់សម្គាល់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅថ្ងៃពុធនេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំទទួលបានសារមួយពីប្រធានាធិបតីចិន លោកស៊ី ជិនពីង កាលពីយប់មុនថា ជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដំណើរការណ៍ទៅយ៉ាងល្អ ហើយថាលោកគីម កំពុងទន្ទឹមរង់ចាំជំនួបជាមួយខ្ញុំ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា និងជាអកុសល ការដាក់ទណ្ឌកម្ម និងការដាក់ សម្ពាធជាអតិបរាមា នឹងនៅតែរក្សាគ្រប់តម្លៃទាំងអស់»។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងភរិយារបស់លោក បានបំពេញដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសចិន កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាការងារជាមួយលោក ស៊ី ជិនពីង មុននឹងលោកគ្រោងជួបជាមួយលោក ដូណាល់ ត្រាំនៅខែឧសភាខាងមុខនេះ។ ម្យ៉ាងវិញទៀត នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត របស់លោក គីម ចាប់តាំងពីឡើងកាន់អំណាចកាលពី ឆ្នាំ២០១១មក៕