(ឡុងដ៍)៖ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បាននិយាយថា ប្រទេសចំនួន១៦០ ស្នើឱ្យអង់គ្លេសបង្ហាញភស្ដុតាង បញ្ជាក់ថារុស្ស៊ីជាអ្នកនៅពីក្រោយ ការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ីម្នាក់ និងកូនស្រីរបស់លោក នៅលើទឹកដីអង់គ្លេស។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
ស្ថានទូតរុស្ស៊ី តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបញ្ជាក់ប្រាប់សារព័ត៌មាន Sputnik ថាខណៈប្រទេសលោកខាងលិច កំពុងរួមដៃ គ្នាជាមួយអង់គ្លេសប្រឆាំងនឹងទីក្រុងម៉ូស្គូ ប្រទេសមួយចំនួន ស្នើឱ្យអង់គ្លេសបង្ហាញភស្ដុតាងជាមុនសិន។ «បើទោះជា លោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បាននិយាយថា លោកស្រីជឿជាក់យ៉ាងមុតមំាថារុស្ស៊ីជាអ្នកទទួលខុសត្រូវលើការបំពុល សម្លាប់អតីតចារកិច្ចរុស្ស៊ីនៅក្នុង Salisbury ប្រទេសអង់គ្លេសក៏ដោយ ក៏ប៉ុន្តែប្រទេសចំនួន១៦៦ យល់ថាទីក្រុងឡុងដ៍ ត្រូវតែ បង្ហាញភស្ដុតាងដល់រុស្ស៊ី សហគមន៍អន្តជាតិ និងសាធារណៈជនអង់គ្លេសជាមុនសិន»។ នេះបើតាមអ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំ ប្រទេសអង់គ្លេស។
គួររំលឹកថា កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន១៨ និងប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជា កាណាដា និងអូស្ត្រាលី បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីច្រើនជាង១០០នាក់ ចេញពីប្រទេសរបស់ពួកគេ ជាការឆ្លើយតបនឹង ការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក Skripal និងកូនស្រីរបស់លោក នៅលើទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា៕