(ព្រុចសែល)៖ នៅទីបំផុតបណ្តាញសង្គមយក្សនៅលើពិភពលោក Facebook ដែលមានដើមកំណើត និងស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិកនោះ បានប្រកាសចេញនូវវិធីសាស្ត្រថ្មីរបស់ខ្លួនហើយ នៅក្នុងការការពារសុវត្ថិភាព នៃព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ ទូទាំងសកលលោក។ នេះបើតាមការចេញផ្សាយដោយ Reuters នាល្ងាចថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
សម្រាប់ចំណាត់ការថ្មីខាងលើនេះ គឺអ្នកប្រើប្រាស់ទាំងឡាយ នឹងមាននូវការបន្ថែមមុខងារ «Privacy Shortcuts» ដែលអាចឲ្យពួកគេធ្វើការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនបន្ថែម កាន់តែប្រសើរជាងមុនទៀត។ បន្ថែមពីនេះអ្នកប្រើប្រាស់ Facebook ទាំងឡាយ អាចធ្វើការពិនិត្យអំពីអ្វីដែលពួកគេបានចែករំលែករួចទៅហើយ និងអាចលុបចេញនូវព័ត៌មានផ្សេងៗផ្ទាល់ខ្លួនពួកគេ បើសិនជាគិតថា ខ្លួនមិនចង់បង្ហាញ បូករួមទាំងការ Download ទិន្នន័យរបស់ពួកគេ ហើយផ្ទេរវាទៅកាន់សេវាកម្មផ្សេងទៀតបានផងដែរ។
ជុំវិញវិធីសាស្ត្រថ្មីខាងលើនេះ ក្រុមការងារ Facebook បានបញ្ជាក់ថា «អ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់យើង ដែលត្រូវការដើម្បីបង្កើនការគ្រប់គ្រងបទបញ្ជាផ្សេងៗ ព្រមទាំងជួយឲ្យអ្នកប្រើប្រាស់យល់ដឹងអំពីការងារទាំងឡាយរបស់ Facebook និងជម្រើសនានា ដែលពួកគេមានក្នុងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន។ ដូចលោក Mark បានប្រកាសកាលពីសប្តាហ៍មុនហើយមានដូចជា ការបោសសម្អាតការរំលោភលើ Facebook Platform, ការបង្កើនការអនុវត្តបទបញ្ជាផ្ទៃក្នុង និងការធ្វើឲ្យមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់ អាចជ្រើសយកមុខងារគ្រប់គ្រងទិន្នន័យខ្លួនឯង»។
គួរបញ្ជាក់ថា គ្រាន់តែការប្លែកធ្លាយព័ត៌មាន ទាក់ទងនឹងការលួចប្រើប្រាស់ទិន្នន័យសម្ងាត់នៃអ្នកប្រើប្រាស់ Facebook ជាង ៥០លាននាក់នោះ ក្រុមហ៊ុនយក្សនៅអាមេរិកនេះ បាន ខាតបង់ភាគហ៊ុនក្នុងទីផ្សារសរុប ១០០ពាន់លានដុល្លារ ដែលប្រការនេះជម្រុញឲ្យ លោក Mark Zuckerberg ចេញមុខបកស្រាយដោយផ្ទាល់ និងសុំទោសអ្នកប្រើប្រាស់ទូទាំងសកលលោកតែម្តង៕