រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ត្រៀមបំពេញទស្សនកិច្ចនៅរុស្ស៊ី ខណៈប្រទេសក្នុងតំបន់ កំពុងតែសំឡឹងមិនដាក់ភ្នែក...
28-03-2018 18:44
(តេហេរ៉ង់)៖ ប្រមុខការងារពារអ៊ីរ៉ង់ នឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី នាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមសន្និសីទលើកទី ៧ ស្តីពីសន្តិសុខអន្តរជាតិ (MCIS) នៅទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាមើ ហាតាមី (Amir Hatami) ខាងលើនេះ គឺតបតាមការអញ្ជើញពីសំណាក់ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ឺហ្កៃ សយហ្កូ (Sergey Shoygu) ចំពោះមុខភាពតានតឹងនានាក្នុងតំបន់ ជាពិសេសបណ្តាប្រទេសមជ្ឈិមបូព៌ា ដែលកំពុងតែសំឡឹងមើលសកម្មភាពនានារបស់អ៊ីរ៉ង់ មិនដាក់ភ្នែក និងសង្គ្រាមការទូតរវាងរុស្ស៊ី ជាមួយបណ្តាប្រទេសលោកខាងលិច។
គួរបញ្ជាក់ថា សន្និសីទទីក្រុងម៉ូស្គូលើកទី ៧ ស្តីពីសន្តិសុខអន្តរជាតិ នឹងត្រូវប្រារព្ធឡើងពីថ្ងៃទី០៤ ដល់ទី០៥ ខែមេសា ខាងមុខនេះ ដោយនឹងមានរដ្ឋមន្ត្រីការពារជាតិនានា មកពីបណ្តាប្រទេសសរុបចំនួនជាង ៨០ ចូលរួម៕