(ដាម៉ាស់)៖ ប្រភពព័ត៌មានពីកាសែតគាំទ្ររដ្ឋាភិបាលទីក្រុងដាម៉ាស បានឲ្យដឹងថា កងទ័ពស៊ីរីកំពុងសំងំរៀបចំ បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ទៅលើក្រុងមួយដែលជាទីតាំងចុងក្រោយ របស់ក្រុមឧទ្ទាម ហ្សេស អាល់ អ៊ីស្លាម (Jaish al-Islam) នៅតំបន់ហ្គួតា (Ghouta) ភាគខាងកើត លុះត្រាតែក្រុមឧទ្ទាម ព្រមប្រគល់តំបន់នោះតាមសម្រួលមកឲ្យខ្លួនវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
បើតាមសារព័ត៌មានស៊ីរី al-Watan កងទ័ពដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Ghouta កំពុងរៀបចំបើកប្រតិបត្តិការយោធាដ៏ធំមួយ ដើម្បីសង្រ្គប់យកក្រុង Douma ដោយកម្លាំងបាយ ប្រសិនបើក្រុមសកម្មប្រយុទ្ធ al-Islam មិនព្រមប្រគល់ទីក្រុងនេះដោយសន្តិវិធី ហើយចាកចេញទេនោះ។
គួរជម្រាបថា តំបន់ Ghouta ភាគខាងកើត ត្រូវកងទ័ពរដ្ឋាភិបាលស៊ីរី ដណ្តើមយកបានប្រមាណជា ៩០ភាគរយ ចាប់តាំងតែពីការធ្វើប្រតិបត្តិការប្រឆាំងនឹងពួកឧទ្ទាមជាច្រើនក្រុមនៅទីនោះ កាលពីចុងខែមុននេះ ដែលបានបណ្តាលឲ្យមនុស្សជាង ១,០០០នាក់ស្លាប់ និងជិត ២០,០០០នាក់ រួមទាំងជនស៊ីវិល ពួកឧទ្ទាម និងក្រុមគ្រួសាររបស់ពួកគេ បានជម្លៀសខ្លួនចេញពីទីនោះ៕