(ញូយ៉ក)៖ ត្រូវតារាភាពយន្តអាសអាភាស និងតារាម៉ូឌែលសិចស៊ីម្នាក់ទៀតគាស់កកាយពីទំនាក់ទំនងផ្លូវភេទ, កូនប្រុសច្បងប្រកាសលែងលះជាមួយប្រពន្ធ, និងកូនប្រសារប្រុសកំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញរឿងអាស្រួវនៃទំនាក់ទំនងជាមួយរុស្ស៊ី, ទាំងអស់នេះសុទ្ធតែជាសំណុំរឿង ដែលកំពុងធ្វើឱ្យ លោក ដូណាល់ ត្រាំ ឈឺក្បាលវិលមុខ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្ដ៍ឈ្មោះរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
បើគេចាំមិនភ្លេច កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ លោក ត្រាំ ធ្លាប់បានយករឿងអាស្រូវទំនាក់ទំនងផ្លូវភេទ រវាងអតីតប្រធានាធិបតីអាមេរិក លោក បៀល គី្លនតុន និងអតីតបុគ្គលិកស្រីម្នាក់របស់លោក មកវាយប្រហារលើលោកស្រី ហ៊ីលឡារី គ្លីនតុនយ៉ាងចាស់ដៃ។ ក៏ប៉ុន្តែបច្ចុប្បន្នរឿងបែបនេះ ស្រាប់តែកើតឡើងលើរូបលោកទៅវិញ។
ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ តារាអាសអាភាសអាមេរិក នាង ស្តរមី ដានីញែល (Stormy Daniels) បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយថា នាងពិតជាធ្លាប់បានគេងជាមួយ លោក ដូណាល់ ត្រាំ ហើយមិនតែប៉ុណ្ណោះ នាងថែមអះអាងដែរថា រូបនាងធ្លាប់ត្រូវបានគេគំរាមកំហែងមិនឱ្យគាស់កាយរឿងនេះទៀតផង។
លើសពីនេះទៅទៀត ក្រៅតែពីនាង Stormy Daniels អតីតតារាម៉ូឌែល Playboy គឺនាង ការែន ម៉ាកដួហ្កាល់ (Karen McDougal) ក៏បានចេញមុខសូមទោសជំទាវទីមួយអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) ផងដែរសម្រាប់ការមានទំនាក់ទំនងផ្លូវភេទជាមួយ លោក ត្រំា នៅអំឡុងឆ្នាំ២០០៦ ដល់២០០៧។ «ខ្ញុំសូមទោស... ខ្ញុំពិតជាមិនចង់ឱ្យរឿងបែបនេះកើតឡើងឡើយ»។ នេះបើតាមសម្តីនាង Karen McDougal ថ្លែងប្រាប់ CNN កាលពីថ្ងៃព្រហស្បត៍សប្ដាហ៍មុន។
គួរបញ្ជាក់ថា សេតវិមានកាលពីថ្ងៃអង្គារបានចេញមុខទាត់ចោល ចំពោះការអះអាងរបស់នាង Stormy Daniels ដោយចាត់ទុកថា វាគឺជារឿងមិនពិតទាំងអស់។ សម្រាប់ព័ត៌មានស្តីរឿងអាស្រូវផ្លូវភេទ នៃលោក ដូណាល់ ត្រាំ នេះគឺត្រូវតាមដាន និងផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានធំៗ នៅទូទាំងពិភពលោក ក៏ព្រោះតែអតីតមហាសេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិករូប ធ្លាប់មានប្រវត្តិស្នេហា និងការចូលរួមកម្មវិធីសប្បាយជាច្រើនក្នុងសង្គម តាមបែបជីវិតអភិជនជាធម្មតា ប៉ុន្តែនៅពេលនេះលោកមានតំណែង ជាប្រធានាធិបតីអាមេរិក ដូច្នេះសកម្មភាពដែលលោកបានប្រព្រឹត្តពីមុនៗ គឺជាការចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់សាធារណៈជន ជាពិសេសសារព័ត៌មានដែលមានទំនោរប្រឆាំងនឹងលោក ទាំងនៅក្នុងស្រុក និងអន្តរជាតិ៕