(សេអ៊ូល)៖ ខណៈព័ត៌មានត្រូវបានបញ្ជាក់ទទួលស្គាល់ ជាផ្លូវការដោយទីក្រុងប៉េកាំងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ចស្ងាត់ៗជាលើកដំបូង នៅឯប្រទេសចិន រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចេញមុខប្រកាសស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NHK នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក បេក តេយុន (Bak Tae-hyun) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃពុធនេះថា ភាពប្រសើរឡើងនៃទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងប៉េកាំង នៅមុនកិច្ចប្រជុំកំពូលរបស់កូរ៉េខាងជើង ជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងជួយផ្តល់ឱកាសកាន់តែខ្ពស់ថែមទៀត ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនាំយកសុខសន្តិសុខជូនតំបន់ឧបទ្វីបកូរ៉េ។
គួរជម្រាបថា បើតាមការអះអាងពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និងពីសេតវិមាន លោក មូន ជែអ៊ីន និង លោក ដូណាល់ ត្រាំ បានទទួលដំណឹងជាមុនអំពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន។ ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiechi ក៏នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលផងដែរ នាថ្ងៃព្រហស្បតិ៍ និងសុក្រសប្តាហ៍នេះ ហើយរាយការណ៍ឲ្យភាគីកូរ៉េខាងត្បូងបានយល់ម្អិតពីជំនួបកំពូលរវាងលោក គីម និងលោក ស៊ី៕